(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមគម្រោង «សាលាស្អាត‍» ដែលកំពុងតែជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាចំនួន១០ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដែលនឹងចំណាយទឹកប្រាក់សរុប ជិត៤០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។

ការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមានដូចជា ការជួសជុលឡើងវិញរបងសាលារៀន ខ្លោងទ្វារ ទីធ្លាសាលារៀន និងការសាងសង់តារាងបាល់ថ្មីជាដើម។
ក្នុងរាជធានីភ្នំពេញ ក្រោមគម្រាង «សាលាស្អាត» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសាងសង់ទីលានបាល់ទាត់ដ៏ស្រស់ស្អាតថ្មីមួយ ជូនវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលនេះជាការចូលរួមចំណែកនេះជួយពង្រឹងវិស័យបាល់ទាត់ក្នុងវិទ្យាល័យ។ សាលារៀនចំនួន៣ទៀតក្នុងរាជធានីភ្នំពេញរួមមាន សាលាបឋមសិក្សាវត្តដំបូលខ្ពស់ សាលាបឋមសិក្សាដង្កោ និងវិទ្យាល័យទួលអំពិល។

ចំណែកឯ ខេត្តបាត់ដំបង សាលារៀនចំនួន ៦ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោង «សាលាស្អាត» មានដូចជា វិទ្យាល័យអង្លង់វិល វិទ្យាល័យហ៊ុនសែនភ្នំសំពៅ វិទ្យាល័យក្តុលដូនទាវ វិទ្យាល័យសង្កែ អនុវិទ្យាល័យកំពុងព្រះ និងអនុវិទ្យាល័យវត្តគ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តលើកកម្ពស់សោភ័ណភាពសាលារៀននៅជុំវិញប្រទេសឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត ដើម្បីបង្កើនបរិយាកាសសិក្សាឲ្យល្អប្រសើរជាងមុនសម្រាប់សិស្សានុសិស្សទាំងអស់៕