(ភ្នំពេញ)៖ ម្ចាស់ហាង និងតំណាងកាហ្វេសរីរាង្គមួយចំនួននៅកម្ពុជា ដូចជាហាងប៊ូស្រាកាហ្វេ (Bousra Cafe) មានចំណាប់អារម្មណ៍ចង់ផ្សំកាហ្វេរ៉ូប៊ូស្ដារបស់ខ្មែរនៅខេត្តមណ្ឌលគិរី ជាមួយកាហ្វេអារ៉ាប៊ីការបស់ឡាវនៅខេត្តចម្ប៉ាស័ក ដើម្បីបង្កើនរសជាតិឱ្យកាន់តែពិសេសជូនអតិថិជន ខណៈដែលអ្នកនិយមកាហ្វេសរីរាង្គនៅកម្ពុជាកំពុងមានការកើនឡើង។

គន្លឹះថ្មីនេះត្រូវបានលើកឡើងក្រោយពេលម្ចាស់ហាង និងតំណាងកាហ្វេសរីរាង្គខាងលើ បញ្ចប់ទស្សនកិច្ចជាមួយអង្គការសេដាកនៅចម្ការកាហ្វេ ក្នុងខេត្តចម្ប៉ាស័ក ប្រទេសឡាវ នាចុងឆ្នាំ២០១៨។

ក្នុងពេលធ្វើដំណើរមកភ្នំពេញវិញ លោក ប៊ូ បញ្ញា តំណាងហាងកាហ្វេប៊ូស្រាកាហ្វេ បានទម្លាយប្រាប់ថា អំឡុងពេលទស្សនកិច្ចនៅខេត្តចម្ប៉ាស័ក លោកបានភ្លក្សរសជាតិកាហ្វេថ្មី ដែលផ្សំពីកាហ្វេរ៉ូប៊ូស្តានៅខេត្តមណ្ឌលគិរី ជាមួយកាហ្វេអារ៉ាប៊ីកានៅខេត្តចម្ប៉ាស័ក ដោយលោកបានឱ្យដឹងថា វាពិតជាមានរសជាតិប្លែក។

ថ្មីដ្បិតមិនសូវបរិភោគកាហ្វេខ្លាំងៗដូចគេ ប៉ុន្តែអ្នកស្រុកបន្ទាយឆ្មាររូបនេះគ្មានអាការធេងធោង ឬពុលកាហ្វេដែលលោកផ្សំផ្ទាល់ដៃនោះឡើយ ដែលនេះសបញ្ជាក់ថា វាគ្មានបញ្ហាប្រតិកម្មអ្វីឡើយចំពោះការលាយកាហ្វេទាំងពីរប្រភេទនេះ ផ្ទុយទៅវិញវាបានផ្ដល់នូវរសជាតិថ្មីយ៉ាងពេញចិត្ត។

ដូច្នេះហើយបានជាលោកមានចំណាប់អារម្មណ៍ចង់ផ្សំកាហ្វេរ៉ូប៊ូស្តានៅខេត្តមណ្ឌលគិរី ជាមួយកាហ្វេអារ៉ាប៊ីកានៅខេត្តចម្ប៉ាស័ក ប្រទេសឡាវ ដើម្បីផ្ដល់រសជាតិថ្មីឱ្យកាន់តែពិសេសជូនអតិថិជនរបស់លោក។ លោកថា បច្ចុប្បន្នមានហាងកាហ្វេនៅកម្ពុជា ក៏បានផ្សំកាហ្វេទាំងពីរប្រភេទនេះលក់ជូនអតិថិជនផងដែរ។

អ្នកស្រី ប្រ៉ុក វណ្ណី តំណាងហាងកាហ្វេប៊ីងហ្គោកាហ្វេ (Bingo Cafe) លោក ហាវ សុងហាក់ តំណាងអង្គការកូប៉ា (COPA) លោក កាំង គង់សេង តំណាងហាងកាហ្វេអេហ្វកាហ្វេ (F Cafe) និងក្រុមការងាររបស់អង្គការសេដាក (CEDAC) សុទ្ធតែបានសង្កេតឃើញថា កាហ្វេអារ៉ាប៊ីការបស់កសិករឡាវនៅខេត្តចម្ប៉ាស័ក ពិតជាមានសក្ដានុពលខ្លាំងជាងកម្ពុជា ពិសេសពួកគាត់សឹងតែមិនប្រើសារធាតុគីមីក្នុងចម្ការកាហ្វេរបស់ខ្លួន ដែលនេះជាចំណុចដ៏សំខាន់ចំពោះសុខភាពរបស់អតិថិជនអ្នកនិយមកាហ្វេផងដែរ។

អ្វីដែលជាចំណុចខ្លះចន្លោះសម្រាប់កាហ្វេនៅខេត្តចម្ប៉ាស័កនោះ គឺត្រង់ថា ថ្វីដ្បិតពួកគាត់មិនប្រើសារធាតុគីមី ប៉ុន្តែកសិករនៅទីនោះមិនទាន់ចេះដាំកាហ្វេតាមស្ដង់ដាសរីរាង្គ និងមិនទាន់មានការបញ្ជាក់គុណភាពពីស្ថាប័នណាមួយនៅឡើយ។ ម្យ៉ាងទៀតនៅទីនោះថ្វីដ្បិតសម្បូរកាហ្វេអារ៉ាប៊ីកា ប៉ុន្តែក៏ខ្សត់កាហ្វេរ៉ូប៊ូស្ដាវិញដែរ។

គួរជម្រាបថា នៅកម្ពុជាភាគច្រើនសម្បូរតែដំណាំកាហ្វេរ៉ូប៊ូស្ដា ដែលត្រូវបានដាំតាមស្ដង់ដាសេរីរាង្គរបស់សេដាក នៅខេត្តមណ្ឌលគិរី ដូចជានៅឃុំប៊ូស្រា ស្រុកពេជ្រាដា និងឃុំដាក់ដាំ ស្រុកអូររាំង ដែលមានរយៈកម្ពស់តែប្រមាណ ៩០០ម៉ែត្រប៉ុណ្ណោះ ដោយឡែកកាហ្វេអារ៉ាប៊ីកាមិនទាន់មានច្រើននៅឡើយទេ នេះក៏ដោយរយៈកម្ពស់ និងអាកាសធាតុមិនសូវអំណោយផលចំពោះកាហ្វេអារ៉ាប៊ីកា៕

កាហ្វេអារ៉ាប៊ីកានៅខេត្តចម្ប៉ាស័ក

កាហ្វេរ៉ូប៊ូស្តានៅខេត្តមណ្ឌលគិរី