(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងសប្បុរសជន រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមកសាងវិមានឈ្នះឈ្នះ និងរៀបចំពិធីសម្ពោធជាផ្លូវ ដើម្បីអបអរខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៨។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានរៀបចំពិធីឆ្លងឆ្នាំសកល នៅវិមានឈ្នះឈ្នះ នាយប់មិញប្រកបដោយជោគជ័យ និងអរគុណដល់ជនរួមជាតិ ដែលបានចូលរួមថែរក្សា ការពារសន្តិភាព។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ សិល្បករ សិល្បការិនី ម្ចាស់ឧបត្ថម្ភ និងដៃគូពាក់ព័ន្ឋទាំងអស់ ដែលបានចូលរួមរៀបចំចាត់ចែង នៅក្នុងថ្ងៃឆ្លងឆ្នាំសកលកាលពីយប់មិញ ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ សូមអរគុណដល់ក្រសួងការពារជាតិ ក្រុមហ៊ុនលីយ៉ុងផាត់ សប្បុរសជន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការកសាងវិមាន ឈ្នះ ឈ្នះ និងបានជួយរៀបចំសម្ពោធជាផ្លូវការ ដើម្បីអបអរសាទរខួបលើកទី២០ នៃនយោបាយ ឈ្នះ ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០១៨) ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះដែរ អរគុណបងប្អូនជនរួមជាតិ ដែលបានលះបង់គ្រប់យ៉ាងចូលរួមថែរក្សា ការពារសន្តិភាព ដើម្បីប្រទេសយើងកាន់តែមានឱកាសអភិវឌ្ឍអោយកាន់តែរីកចម្រើនទៅមុខជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមឆ្លងឆ្នាំសកលកាលពីយប់មិញនៅ វិមាន ឈ្នះ ឈ្នះ ប្រកប ដោយបរិយាកាសសប្បាយរីករាយក្រៃលែង ជាពិសេស ការអុជកាំជ្រួចរយៈពេលជាង៥០នាទីដើម្បីអបអរសាទរឆ្នាំសកលថ្មី២០១៩។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជារំភើប និងមានកិត្តិយសក្រៃលែង ដែលបានចូលរួមអបអរសាទរដោយផ្ទាល់ជាមួយបងប្អូនដែលមកពីគ្រប់ទិសទី។

ជាមួយគ្នានេះ នៅក្នុងឆ្នាំសកលថ្មី ២០១៩នេះ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ជាពិសេស ដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន សូមទទួលនូវពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕