(ភ្នំពេញ)៖ កម្មវិធីជាច្រើន រួមទាំងសកម្មភាពកីឡា ដែលបានរៀបចំអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប ២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន សុទ្ធតែបានបញ្ចប់ដោយជោគជ័យ និងស្នាមញញឹកមិនដាច់ពីមាត់ សម្រាប់ប្រជាពលរដ្ឋ ដែលអញ្ជើញទស្សនាកម្សាន្ដរាប់សិបម៉ឺននាក់ ។ ទន្ទឹមជាមួយគ្នា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលទទួលបន្ទុករៀបចំកីឡា ក៏បានប្រកាសពីជោគជ័យ និងអនុស្សាវរីយ៍មិនអាចភ្លេចបាន ក្រោយចូលរួមរយៈពេល ៤ថ្ងៃពេញក្នុងព្រឹត្តិការណ៍នេះដែរ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា គ្រប់ប្រភេទកីឡា សុទ្ធតែទទួលបានការគាំទ្រ និងការចូលរួមទស្សនាយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ទាំងកីឡាជំនាញ និងកីឡាករមហាជន ។ លោកថា «ជារួមសកម្មភាពកីឡា គ្រាន់តែអ្នកចូលរួមលេង មានចំនួនរាប់ពាន់នាក់ ឯអ្នកទស្សនា មានចំនួនរាប់ម៉ឺននាក់ក្នុងមួយយប់ៗ ដែលធ្វើឲ្យកីឡា ក្លាយជាផ្នែកមួយដ៏ទាក់ទាញក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប ២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ ផ្ដល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ហើយយើងទាំងអស់គ្នា ក៏ត្រូវចងចាំដែលថា បើគ្មាននយោបាយឈ្នះឈ្នះ ក៏គ្មានសន្ដិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃទេ» ។
ក្រៅពីប្រកួត និងសម្ដែងជូនពលរដ្ឋទស្សនាកម្សាន្ដ កីឡាករ-កីឡាការិនី បានយល់ដឹងយ៉ាងច្បាស់នូវវីរភាព និងការតស៊ូដ៏អង្គអាចរបស់សម្ដេចតេជោ ហ៊ុន សែន រហូតដឹកនាំកម្ពុជាឲ្យមានសន្ដិភាព និងការអភិវឌ្ឍន៍គ្រប់ទីកន្លែង ដែលនេះគឺជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានឡើយ ។ លោក វ៉ាត់ ចំរើន បន្ដថា «កីឡាករ-កីឡាការិនីទាំងអស់ បានសម្ដែងការសប្បាយចិត្ត និងចងចាំជានិច្ច ចំពោះអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ បន្ទាប់ពីបានយល់ដឹងច្បាស់នូវវីរភាពរបស់សម្ដេចតេជោ ស្ថាបនិកនៃនយោបាយកឈ្នះឈ្នះ ហើយយើងទាំងអស់គ្នា នឹងចងចាំ ចំពោះវីរភាពដ៏ឧត្តុង្គឧត្តម ការលះបង់អាយុជីវិត ដើម្បីប្ដូរយកនូវសន្ដិភាព និងការអភិវឌ្ឍន៍នេះ» ។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក៏បានបញ្ជាក់ថា ក្រោយបញ្ចប់ពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដែលស្ថិតទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ តំបន់នេះនឹងក្លាយជាផលិតផលទេសចរណ៍មួយផងដែរ ។ តែចំពោះមុខ NOCC នឹងរៀបចំនូវសកម្មភាពកីឡាជាបន្ដបន្ទាប់ ដើម្បីបំផុសចលនាកីឡា និងផ្សព្វផ្សាយពីពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងកម្ពុជាត្រៀមទទួលពិធីបើក-បិទ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។ ដោយហេតុនេះលោករំពឹងថា ទាំងវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាតំបន់ដ៏ទាក់ទាញនាថ្ងៃអនាគតផងដែរ ។
គួរបញ្ជាក់ថា ដោយទទួលបានការគាំទ្រ និងពេញចិត្តពីរាជរដ្ឋាភិបាល ក្នុងការផ្ដល់ភារកិច្ចរៀបចំសកម្មភាពកីឡាដល់ NOCC ស្ថាប័នកីឡាកំពូលនេះ បានរៀបចំនូវសកម្មភាពជាង ១០ប្រភេទឯណោះ ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប ២០ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនោះមានដូចជាកីឡាប្រដាល់គុនខ្មែរកម្រិតពិភពលោក គុនល្បុក្កតោ ចំបាប់បុរាណ ប្រណាំងក្របី ប្រណាំងសេះ រត់កម្សាន្ដ ជិះកង់ បាល់ទះឆ្នេរខ្សាច់ កីឡាបុរសខ្លាំង អុកចត្រង្គ និងកីឡាបុរាណ-ទំនើបជាច្រើនទៀត ដែលបានរៀបចំពេញ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ៕