(ភ្នំពេញ)៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះឈើប្រក់សង្គ័សីចំនួន ២ខ្នងអស់ទាំងស្រុង និងខូចខាតសម្ភារជាច្រេីន។ ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតនៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវ១៥១ ក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលេី ទី១-ម្ចាស់ផ្ទះឈ្មោះ គង់ គួន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិរក មានទីលំនៅភូមិផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី២-ម្ចាស់ផ្ទះឈ្មោះ ទូច សុភ័ក្ត្រ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងករណីអគ្គិភ័យដែលបានឆាបឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋខាងលេីនេះ បានរងការខូចខាតផ្ទះឈើប្រក់សង្គ័សីទំហំ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ ចំនួន ២ខ្នង (ខូចខាតទាំងស្រុង), ប្រាក់ដុល្លាសរុបចំនួន ៥២០០ដុល្លា (ប្រាំពាន់ពីររយដុល្លារ), ប្រាក់រៀលសរុបចំនួន ៧,១៥០,០០០រៀល (ប្រាំពីរលានមួយរយហាសិបពាន់រៀល), ទូរស័ព្ទចំនួន ០៤គ្រឿង, គ្រឿងអលង្កាមួយចំនួនសរុបជាទឹកប្រាក់ចំនួន ១,០០០ដុល្លា (មួយពាន់ដុល្លារ) និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
ដោយនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលេីនេះ គឺកម្លាំងសមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង ដោយក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៥គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនកម្ពុជាតេលាចំនួន ២គ្រឿង។ ចំណែកឯមូលហេតុនៃការឆាបឆេះខាងលេីនេះ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីកាលឆ្លងចរន្តអគ្គិសនី៕