(ភ្នំពេញ)៖ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សិស្សសាលាប៊ែលធី អន្តរជាតិ និទ្ទេស A ចំនួន០៦រូប ទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សាបរិញ្ញាបត្រ នៅ San Mateo Colleges of Silicon Valley រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិករយៈពេល៤ឆ្នាំ។
គួរឲ្យកត់សម្គាល់ផងដែរថា ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានបញ្ជូនសិស្សអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សាតាមបណ្តាសាកលវិទ្យាល័យនានាឯក្រៅប្រទេស ដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន១០៤នាក់ ក្នុងនោះរួមមាន៖ ចក្រភពអង់គ្លេសចំនួន១០នាក់, សហរដ្ឋអាមេរិកចំនួន១០នាក់, កាណាដាចំនួន០១នាក់, សិង្ហបុរីចំនួន៤០នាក់, សាធារណរដ្ឋប្រជាមានិតចិនចំនួន១៤នាក់, ថៃចំនួន១៤នាក់ និងនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន១៥នាក់ និងបានផ្តល់ជូនបា្រក់ឧបត្ថម្ភចំនួន ១២០០ដុល្លារក្នុង១ឆ្នាំ។
ទន្ទឹមនឹងនេះផងដែរ មុនពេលចេញដំណើរទៅសិក្សានៅសហរដ្ឋអាមេរិក លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធីគ្រុប បានធ្វើការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទាំង០៦រូប (ក្នុងចំណោមសិស្សនិទ្ទេស A ចំនួន៤២រូប ឆ្នាំ២០១៨) និងមាតាបិតាអាណាព្យាបាលសិស្ស ព្រមទាំងបានផ្តល់នូវប្រាក់រង្វាន់លើកទឹកចិត្តដល់ សិស្សនិទ្ទេស A ប៉េង គីមហេង ចំនួន៥០០០ដុល្លា និងសិស្សនិទ្ទេស A ចំនួន០៥រូប ចំនួន២០០០ដុល្លា ក្នុងម្នាក់។
លោកបណ្ឌិត ក៏បានជូនពរសិស្សនិទ្ទេស A ទាំង ០៦រូប ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយ ជាធនធានមនុស្ស ប្រកបដោយសមត្ថភាព សីលធម៌ គុណធម៌ខ្ពស់ និងជាទំពាំងស្នងឫស្សី សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានកាន់តែសម្បូររុងរឿង និងរីកចម្រើននាពេលអនាគតផងដែរ។
ស្របនឹងនេះផងដែរ ប្អូនប្រុស ប៉េង គីមហេង សិស្សនិទ្ទេស A លំដាប់ពិន្ទុលេខ២ ទូទាំងប្រទេស បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត លី ឆេង ដែលបានផ្តល់អាហារូបករណ៍១០០% សម្រាប់រូបប្អួនផ្ទាល់ និង សិស្សនិទ្ទេសA ចំនួន០៥រូបទៀត ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា រយៈពេល៤ឆ្នាំនៅសហរដ្ឋអាមេរិក។ នេះមិនត្រឹមតែជាមោទនភាពសម្រាប់រូបប្អូន និងក្រុមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរបស់ប្រទេសកម្ពុជាទាំងមូល ព្រោះលោកបណ្ឌិត បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់វិស័យអប់រំ និង បណ្តុះបណ្តាកុលបុត្រ-កុលធីតាខ្មែរឲ្យមានសមត្ថភាពយ៉ាងពិតប្រាកដ។
លើសពីនេះទៅទៀត ជាមួយនឹងទឹកមុខស្រស់ញញឹម ប្អូនប្រុស ប៉េង គីមហេង ក៏បានបង្ហាញនូវការដឹងគុណចំពោះលោកប៉ាអ្នកម៉ាក់ ដែលបានចិញ្ចឹមបីបាច់ថែរក្សាប្អួន ផ្តល់ដំបួន្មានល្អៗ និងបានទំនុកបម្រុងលើការសិក្សារបស់ប្អូននៅសាលា ប៊ែលធី អន្តរជាតិរហូតទទួលបានជោគជ័យ និងកា្លយជាសិស្សពូកែទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ប្អូនប្រុសក៏បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ល្អួៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងទេពកោសល្យរបស់ប្អូនឲ្យកាន់តែពូកែ ពោលគឺ បញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រពីសហរដ្ឋអាមេរិក ជូនក្រុមគ្រួសារ សាលាប៊ែលធី អន្តរជាតិ និងមាតុភូមិកម្ពុជា ៕