(ភ្នំពេញ)៖ ជនជាតិចិនប្រុសស្រីពីរនាក់ ស្រវឹងស្រាបើករថយន្តស៊េរីទំនើប ក្នុងល្បឿនលឿនបានរេចង្កូតបុកទ្រូងផ្លូវរលំ៤ផ្ទាំង រួចក៏ជ្រុលទៅបុករទេះលក់សាច់អាំង បណ្ដាលឲ្យក្រឡាប់រទេះផ្ងារជើង តែសំណាងល្អមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសឡើយ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅម៉ោង២៖៥០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ មហាវិថីព្រះមុនីវង្ស នៅចំណុចមុខភោជនីយដ្ឋានបង្កងនាគ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AZ-3333 បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើបានបើកលឿនក៏រេចង្កូតទៅឆ្វេងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរលំចំនួន៤ផ្ទាំង រួចរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករទេះលក់សាច់អាំង បណ្ដាលឲ្យក្រឡាប់រទេះផ្ងារជើងតែម្ដង។ ភ្លាមៗនោះអ្នកបើកបរ និងអ្នករួមដំណើរបាននាំគ្នារត់ឡើងជិះរថយន្តមួយគ្រឿងទៀត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕