(ភ្នំពេញ)៖ ក្រុមហ៊ុន លី ហួរគ្រុប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានប្រារព្ធពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ និងរៀបចំពិសាអាហារពេលយប់ឆ្លងឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មី ២០១៩ សរុបប្រមាណជិត២ពាន់នាក់ មកពី៨ក្រុមហ៊ុនផ្សេងៗគ្នា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលីហួរ ក្រោមអធិបតីភាពលោកឧកញ៉ា លី ហួរ និងភរិយា ។

លោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្ដិ ក្រុមហ៊ុន លីហួរ គ្រុប បានថ្លែងថា ដើម្បីអបអរភាពរីកចម្រើនក្នុងរយៈពេលមួយឆ្នាំមកនេះ ដែលកើតចេញ ពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់គ្នា, ក្រុមហ៊ុនបានរៀបចំពិសាអាហារសាមគ្គីពេលរាត្រីឆ្លងឆ្នាំចាស់ ឆ្លងចូលឆ្នាំថ្មី ពិសេសផ្ដល់រង្វាន់លើកទឹកចិត្ដ និងប្រគល់នូវប័ណ្ណសរសើរជូនដល់ក្រុមហ៊ុនដែលមានស្នាដៃឆ្នើមផងដែរ បន្ទាប់ពីបិទសន្និបាតបូកសរុបការងារនេះ។

ក្នុងឱកាសនោះលោកឧកញ៉ា លី ហួរ បានលើកឡើងថា «ភាពរីកចម្រើនសម្រាប់ឆ្នាំ២០១៨ រួមមាន៖ ប្រាក់ចំណេញ តាមក្រុមហ៊ុនបុត្រសម័្ពន្ធនីមួយៗសម្រេចបានចំនួន សមស្របតាមទីផ្សារសេដ្ឋកិច្ច, ក្រុមហ៊ុនបានបង្កើតការងារឲ្យបុគ្គលិក មានចំនួនកើនឡើងរហូតដល់ប្រមាណជាង១,៥០០នាក់ ហើយយើងនឹងឈានដល់ការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗបន្ថែមទៀត នាពេលខាងមុខ»

ទន្ទឹមនឹងនោះ លោកឧកញ៉ា ក៏បានដាក់ចេញនូវយុទ្ធសាស្ដ្រ សម្រាប់ឆ្នាំ២០១៩ និងផ្ដល់អនុសាសន៍ដល់បុគ្គលិកទាំងអស់ថា ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់ ចំពោះការផ្ដល់សេវាកម្មជូនអតិថិជន, ទីផ្សារប្រកួតប្រជែង គ្រប់គ្រងតាមដានជាប្រចាំនូវការវិវត្ដផ្នែកទីផ្សារ សេដ្ឋកិច្ច ដើម្បីបត់បែន ឲ្យទាន់ពេលវេលា និងតាមកាលៈទេសៈ ពិសេសមិនត្រូវស្កប់ស្កល់ នូវជ័យជំនះនោះទេ ។

ជាងនេះទៅទៀត ត្រូវសហការគ្នា ឲ្យបានជិតស្និទ ក្នុងការបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានា និងគ្រប់គ្រងការចំណាយ ឲ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីធានានូវ និរន្ដភាពរបស់ក្រុមហ៊ុន ឲ្យសមតាមដើមទុន និងការខិតខំរបស់ក្រុមហ៊ុនយើង រួមទាំងសិក្សាឲ្យបានស៊ីជម្រៅ អំពីការរៀបចំផែនការ និងផលប៉ះពាល់ផ្សេងៗចំពោះក្រុមហ៊ុន ។

លើសពីនោះ បង្កើនការសហការគ្នា រវាងក្រុមហ៊ុន បុត្រសម្ព័ន្ធទាំងអស់ ឲ្យបានកាន់តែល្អប្រសើរ ដោយត្រូវបង្កើនការទំនាក់ទំនង និងចេះជួយគ្នាទៅវិញទៅមក ចំពោះក្រុមហ៊ុន បុត្រសម្ព័ន្ធណា ដែលមានលទ្ធផលក្នុងការស្វែងរកប្រាក់ចំណេញនៅមានកម្រិត និងព្យាយាមធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុននីមួយៗ កាន់តែមានល្បីល្បាញ មានការទទួលស្គាល់
ធ្វើយ៉ាណាត្រូវខំប្រឹងប្រែង ចូលរួមចំណែករកយុទ្ធសាស្ដ្រថ្មីៗ ដើម្បីធ្វើឲ្យក្រុមហ៊ុនទទួលបានការរីកចម្រើនជាងនេះទៅទៀត នាពេលអនាគត ៕