(ភ្នំពេញ)៖ លោក សំ សឿន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹង ប្រកាសលេខ៤៤៣របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការ ទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករ។
លិខិតរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ មានខ្លឹមសារដូចខាងក្រោម ៖
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ដែលមានសហភាពចំនួន១៤ សហពន្ធ័សហជីពចំនូន១០៦ សមាគមចំនួន០២ អង្គការចំនួន០៣ ដែលតំណាងឲ្យកម្មករនិយោជិតចំនួនជាង៧០ម៉ឺននាក់ សូមសំដែងការខកចិត្ត និងប្រកាសមិនគាំទ្រជាដាច់ខាតចំពោះការញុះញង់ និងរៀបផែនការបង្កឲ្យមានការធ្វើបាតុកម្មបិទផ្លូវ ដែលកើតមានឡើងនៅមហាវិថីមុនីរ៉េត ផ្លូវលេខ២១៧ និងផ្លូវជាតិលេខ២។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU សូមបដិសេធដាច់អហង្កា និងប្រឆាំងដាច់ខាតនូវទង្វើអុចអាលរបស់ក្រុមជនឆ្លៀតឱកាស ដែលនៅពីក្រោយរឿងធ្វើកូដកម្ម និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងប្រកាសលេខ៤៤៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការ ទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាល៕
សូមអានសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU៖