(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ​ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់​សមភាគី​អាមេរិក​លោក ដូណាល់ ត្រាំ ថា​ទីក្រុងម៉ូស្គូបាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការបើកកិច្ចសន្ទនា ​ដោះស្រាយបញ្ហា​ខ្វែងគំនិតគ្នា​ទាំងឡាយរវាងប្រទេស​ទាំងពីរ៕

 

២៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ០៤នាក់ហើយ ខណៈ​មនុស្ស ៦៨នាក់ទៀតបន្តបាត់ខ្លួន នៅក្នុង​ហេតុការណ៍បាក់រលំ​អគារស្នាក់នៅ​មួយកន្លែងនៅឯទីក្រុង ម៉ាកនីតូហ្គសក៍ (Magnitogorsk) ភាគនិរតី​ប្រទេសរុស្ស៊ី ដែលមាន​ចម្ងាយជាង ១,០០០គីឡូម៉ែត្រ​ ពីភាគខាងកើតទីក្រុង​ម៉ូស្គូ៕

 

 

៣៖ ចំនួនមនុស្ស​ស្លាប់ដោយសារ​គ្រោះរអិលបាក់ដី និង​ទឹកជំនន់ ដែលបង្កឡើង​ដោយ​ភ្លៀងធ្លាក់ខ្លាំង​នៅ​ប្រទេស​ហ្វីលីពីន​ បានកើនឡើងដល់ ៦៨នាក់ហើយ៕

 

៤៖ ប្រធានសេនាធិការ​យោធា​អ៊ីរ៉ង់ លោកឧត្តមសេនីយ ម៉ូហាំម៉េដ បាគែរី (Mohammad Baqeri) បានកត់សម្គាល់ថា វត្តមានកងកម្លាំង និងនាវា​ផ្ទុកយន្ដហោះ​ចម្បាំងអាមេរិក USS John C. Stennis គឺមានតែដុត​បញ្ឆេះជម្លោះ និងបង្កអសន្តិសុខ​នៅក្នុងតំបន់ឈូង​សមុទ្រ​ពែក្ស​តែប៉ុណ្ណោះ៕

 

 

៥៖ យានអវកាស ឆាងអឺ-៤ (Chang'e 4) បានចូលទៅដល់គន្លងគោចរ​ដែលគ្រោងទុក​ នៅជុំវិញឋានព្រះច័ន្ទដោយជោគជ័យ និង​កំពុង​ត្រៀម​​​​ខ្លួន​​សម្រាប់​​ការព្យាយាមចុះចត​ជាលើកដំបូងក្នុង​ប្រវត្តិសាស្រ្ត នៅលើតំបន់​ចំហៀងម្ខាងទៀតរបស់​ព្រះច័ន្ទ៕

 

 

៦៖ សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo នៅថ្ងៃចន្ទនេះ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយច្បាប់ឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ កំពុងជាប់គាំង៕