(ព្រៃវែង)៖ តំណាងរាស្ដ្រមណ្ឌលព្រៃវែង លោក ខៀវ ភារិទ្ធ និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវដងទង់ចំនួន២ ដែលមានប្រវែង ២៩ម៉ែត្រ និងសមិទ្ធផលនានានៅវត្តស្វាយកាឡី ស្ថិតក្នុងឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមរយៈការរៀបរាប់របស់ព្រះចៅអធិការ វត្តស្វាយកាឡី មានអាយុកាល២៣២ឆ្នាំមកហើយ មានរាងចតុកោណ បណ្តោយ១៣៦ម៉ែត្រ និងទទឹង១៧៨ម៉ែត្រ។ ការសាងសង់ដងទង់ទាំង២ បន្ទប់ទឹក អាគារឃ្លាំង ចំណាយថវិកាសរុបប្រមាណ ៧,០៤៤,០០០រៀល និង២៨,២៦០ដុល្លារអាមេរិក។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះដែរ លោកតំណាងរាស្ត្រ ខៀវ ភារិទ្ធ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបាននាពេលនេះ គឺជាការរួបរួមកម្លាំងមហាសាមគ្គីរបស់ព្រះសង្ឃ គណៈកម្មការវត្ត អាជ្ញាធរ ពុទ្ធិបរិស័ទ្ទក្នុងស្រុក និងក្រៅស្រុក ដែលបានលះបង់ ធនធានផ្ទាល់ខ្លួនក្នុងការរួមចំណែកកសាងវិស័យព្រះពុទ្ធិសាសនា ឲ្យមានការអភិវឌ្ឍ និងរីកចម្រើន។
ជាកិច្ចបញ្ចប់ មានការបំពាក់មេដៃជួនដល់សប្បុរសជន ដែលមានស្នាដៃចូលរួមកសាងសមិទ្ធផលក្នុងវត្ត ព្រមទាំងបានចែកអំណោយដល់យាយជី តាជី ចំនួន១០០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ ស ១ដុំ និងថវិកា៥,០០០រៀល សិស្សចំនួន៣០០នាក់ ក្នុងម្នាក់ទទួលបានប៉ិចមួយដើម និងសៀវភៅ១ដើម រួមទាំងបច្ច័យ កសាងវត្ត ចំនួន៤លានរៀល៕