(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនឈានមុខគេ និងបម្រើការយូរជាងគេ នៅក្នុងវិស័យទូរគមនាគមន៍ បានចូលរួមអបអរព្រឹត្តិការណ៍ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងការតាំងពិព័រណ៍សមិទ្ធផលនានា អបអរសារទរខួបលើកទី២០ នៃទិវានយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ។
កម្មវិធីនេះ ត្រូវបានរំពឹងថា នឹងទាក់ទាញការចូលរួមពីសំណាក់ភ្ញៀវក្នុងជួររាជរដ្ឋាភិបាល មន្ត្រីយោធាជាន់ខ្ពស់ និងអ្នកជំនួញពីទូទាំងតំបន់ ឯកអគ្គរាជទូត ក៏ដូចជាប្រជាជនកម្ពុជា និងភ្ញៀវទេសចរនានា។ កម្មវិធីនេះ រៀបចំប្រារព្ធធ្វើឡើងនៅ សង្កាត់ព្រែកតាសេក រាជធានីភ្នំពេញ ក្នុងឱកាសចូលឆ្នាំសកល អមជាមួយការបាញ់កាំជ្រួចអបអរសាទរដ៏ធំ និងយូរជាងគេបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ក្រុមហ៊ុន Cellcard គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយាល់គ្រុប មានមោទនភាពក្នុងការចូលរួមជាមួយការបង្ហាញជាពិសេស អំពីការបំរើសេវាកម្ម ដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនេះ។ វត្តមានដ៏ពិសេសនេះ នឹងបង្ហាញពីប្រវត្តិដែលក្រុមហ៊ុន Cellcard ក្លាយអ្នកនាំមុខនៃការបង្កើតថ្មី រួមទាំងភាពជាអ្នកដឹកនាំក្នុងការណែនាំអំពីបច្ចេកវិទ្យា 5G។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនCellcard បាននិយាយថា កម្មវិធីនេះរៀបចំឡើងស្របពេលដែល ក្រុមហ៊ុន Cellcard ទទួលបានជោគជ័យទទួលបានពានរង្វាន់ជាច្រើនក្នុងឆ្នាំជាប្រវត្តិសាស្ត្រ ដោយទទួលបានការទទួលស្គាល់ទាំងក្នុងស្រុក ក្នុងតំបន់ និងទូទាំងសកលលោក លើបណ្តាញទំនាក់ទំនងដ៏អស្ចារ្យនៃបច្ចេកវិទ្យា 4G។
លោកបន្ថែមថា «ក្រុមហ៊ុន Cellcard មានមោទនភាពជាក្រុមហ៊ុនខ្មែរ ផ្តោតចក្ខុវិស័យលើសេដ្ឋកិច្ចឌីជីថលសម្រាប់ប្រទេសកម្ពុជា។ ពួកយើងប្តេជ្ញាក្នុងការផ្តល់សេវាអ៊ីនធើណេតទូរស័ព្ទក្នុងតម្លៃសមរម្យបំផុត ហើយបានដំណើរការ សេវាថ្មីៗជាច្រើនដើម្បីពង្រីក និងពង្រឹងសេវារបស់យើង ហើយវិមាន ឈ្នះ ឈ្នះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់បុគ្គលិកក្រុមហ៊ុន Cellcard នឹងដើម្បីរស់នៅជាមួយគ្នាក៏ដូចជាការយកចិត្តទុកដាក់ នៅក្នុងបេះដូង ដើម្បីផ្តោតលើឆ្នាំបន្តបន្ទាប់ទៀតដើម្បីបន្តសេវានៅក្នុងប្រទេសកម្ពុជា»៕