(បន្ទាយមានជ័យ)៖ ស្របពេលបុណ្យឆ្លងឆ្នាំសកល២០១៨ ឈានចូលឆ្នាំ២០១៩ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើពិធីរាប់បាត្រព្រះសង្ឃចំនួន២៣អង្គ តាមប្រពៃណីព្រះពុទ្ធសាសនា លើដងផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍យាយម៉ៅ ក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនេះដែរ លោក សាន ស៊ានហូ បានថ្លែងថា ពិធីនេះប្រារព្ធ ដើម្បីបួងសួងដល់បារមីលោកយាយម៉ៅ លោកតាក្រហមក និងកុមារពេជ្រ ដែលអ្នកក្រុងប៉ោយប៉ែត មានជំនឿយូរយាមកហើយនោះ សុំសេចក្ដីសុខដល់អ្នកដំណើរ ចៀសផុតពីគ្រោះថ្នាក់នានា។ ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែយាយីដល់អាយុជីវិតប្រជាពលរដ្ឋញឹកញាប់កន្លងមក កុំឱ្យកើតមានទៀត។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ក៏បានថ្លែងថា ពិធីនេះធ្វើឡើងដើម្បីបួងសួងសុំសេចក្ដីសុខដល់អ្នកដំណើរគ្រប់គ្នាដែលឆ្លងកាត់ក្រុងប៉ោយប៉ែត ក៏ដូចជាក្នុងខេត្តបន្ទាយមានជ័យ ហើយពិធីនេះធ្វើឡើងក៏ដើម្បីចូលរួមការឆ្លងឆ្នាំសាកលដែលឈានមកដល់ផងដែរ។
លោកស្នងការរងបញ្ជាក់ថា ការធ្វើពិធីបួងសួងសុំសេចក្ដីសុខដល់អ្នកដំណើរនេះ ប្រារព្ធធ្វើឡើងជារៀងរាល់បំណាច់ឆ្នាំផងដែរ៕