(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យនៅប្រទេសសិង្ហបុរី កម្មវិធី (Application) TADA ដែលជាកម្មវិធីផ្តល់សេវាកម្ម ហៅតាក់ស៊ីអនឡាញ លើគំរូអាជីវកម្ម មិនរកប្រាក់ចំណេញ ដោយមិនគិតថ្លៃកំមុយស្យុងពីអ្នកបើកបរ បានបើកដំណើរការជាផ្លូវការ នៅភ្នំពេញចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះតទៅហើយ ដើម្បីជួយដល់អ្នកបើកបរតាក់ស៊ីបែបប្រពៃណីខ្មែរ។
App TADA បានទទួលជោគជ័យក្នុងការផ្តល់ឥទ្ធិពលវិជ្ជមាន ដល់អ្នកបើកបរតាក់ស៊ីនៅ សឹង្ហបុរីរហូតដល់២៧,០០០នាក់ មុនពេលមកប្រតិបត្តិការ នៅរាជធានីភ្នំពេញ ដែលជាទីផ្សារទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមគម្រោងអភិវឌ្ឍន៍សកល។ TADA នឹងផ្តល់អត្ថប្រយោជន៍ដូចគ្នានេះ ដល់អ្នកបើកបរតាក់ស៊ីចំនួន១,០០០នាក់ នៅភ្នំពេញឲ្យទទួល បានប្រាក់ចំណូល១០០ភាគរយ ពីអតិថិជនរាល់ការជិះ ព្រោះ TADA មិនគិតថ្លៃកំមុយស្យុង ពីអ្នកបើកបរឡើយ។
អ្វីដែលជាលក្ខណៈពិសេសបែ្លករបស់ TADA ពីកម្មវិធីផ្តល់សេវាកម្មហៅតាក់ស៊ី និងមធ្យោបាយធ្វើដំណើរសាធារណៈផ្សេងៗ ដែលមានរួចមកហើយនោះ គឺការផ្តល់ឲ្យអ្នកបើកបរ តាក់ស៊ីនូវការភា្ជប់អតិថិជន ដោយមិនគិតថ្លៃសេវាទាល់តែសោះនូវរាល់ការជិះ។ ជាពិសេស TADA តែងត្រៀមខ្លួនក្នុងការរួមសហការ យ៉ាងមុតមាំជាមួយតាក់ស៊ីដែលមានស្រាប់នៅកម្ពុជា។ តាមរយៈការប្រើប្រាស់កម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរនឹងអាចបង្កើនចំណូល និងលើកតំកើនជីវភាពប្រចាំថ្ងៃរបស់ខ្លួន បានមួយកំរិតទៀតផងដែរ។
នៅខែធ្នូ ឆ្នាំ២០១៨ Choice Taxi និងTADA បានចុះកិច្ចព្រមព្រៀងរួមសហការនឹងគ្នា ដូច្នេះអ្នកបើកបរតាក់ស៊ី Choice Taxi អាចប្រើកម្មវិធី TADA ក្នុងកិច្ចការងាររបស់លោកអ្នក ដោយមិនបាច់បង់លើថ្លៃសេវាអ្វីទាំងអស់។ ដូចគ្នាចំពោះអ្នកបើកបរតាក់ស៊ីដទៃក្រៅពី Choice Taxi ក្រុមការងារ TADA ក៏នៅរង់ចាំការចុះឈ្មោះជាដៃគូ ដោយយោងតាមគម្រោងសហការ មិនយកថ្លៃកំមុយស្យុងនេះដដែល។
និយាយឲ្យខ្លីទៅ TADA មិនមែនជាគូប្រជែងរបស់តាក់ស៊ីដែលមានស្រាប់ទេ តែជាដៃគូនឹងគ្នាក្នុងការអភិវឌ្ឍសមត្ថភាពការងារដោយប្រើបច្ចេកវិទ្យា។ «ការផ្តល់ឲ្យ» គឺជាគោល តម្លៃនៃការធ្វើការកន្លងមក និងការងារនាពេលអនាគតរបស់ TADA និង MVLchain ដែលជាក្រុមអ្នកស្ថាបនា TADA ដែលមានលោក ខេ វូ ជាស្ថាបនិក។ យោងតាមគោលតម្លៃនេះ លោក និងTADAទាំងមូលជឿថា ពួកគាត់នឹងផ្តល់សេវាកម្មដ៏ល្អ និងប្រយោជន៍ដល់ការរីកចម្រើនរបស់សង្គមជាមិនខាន៕