(ចម្ប៉ាស័ក, ឡាវ)៖ ខេត្តចម្ប៉ាស័ក ដែលអក្សរឡាវសរសេរថា «ຈໍາປາສັກ» អានថា «ចាំប៉ាស័ក» មានទីតាំងស្ថិតនៅភាគខាងត្បូងបង្អស់ នៃប្រទេសឡាវ មានផ្ទៃដីសរុប១៥,៤១៥គីឡូម៉ែត្រការ៉េ ព្រំប្រទល់ខាងត្បូងជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ខាងកើតជាប់នឹងខេត្តអ័ត្តៈពើ ខាងជើងជាប់ខេត្តសេកុង និងខេត្តសារៈវ័ណ នៃប្រទេសឡាវ ចំណែកព្រំប្រទល់ខាងលិចជាប់នឹងខេត្តឧប៊ុនរាជធានី នៃប្រទេសថៃ។
ខេត្តចម្ប៉ាស័ក មានក្រុងស្រុកចំនួន១០ ក្នុងនោះរួមមាន៖ ក្រុងប៉ាកសេ (ទីរួមខេត្ត) ស្រុកចម្ប៉ាស័ក ស្រុកខោង ស្រុកមូបមោក្ខ ស្រុកឈ្នះសម្បូរ ស្រុកបុទមពរ ស្រុកសុខុមា ស្រុកបាចៀច្រើនសុខ និងស្រុកផូនថង។
* ប្រវត្តិខ្លីពាក់ព័ន្ធនឹងខេត្តចម្ប៉ាស័ក និងប្រវត្តិខ្មែរបុរាណ៖ ក្រោយពីអាណាចក្រឡានឆាងរបស់ជនជាតិ «តៃលាវ» (ខ្មែរហៅនគរដំរីមួយលាន) ដួលរលំនៅដើមសតវត្សទី១៨ទៅ អាណាចក្រ៣បានកកើតឡើង នោះគឺអាណាចក្រហ្លួងព្រះបាង អាណាចក្រវាំងច័ន្ទ និងអាណាចក្រចម្ប៉ាស័ក ដែលមានទីតាំងស្ថិតក្នុងតំបន់ចម្ប៉ាស័កនេះឯង។ មួយភាគធំនៃទឹកដីរបស់អាណាចក្រឡានឆាង គឺធ្លាប់ជាទឹកដីរបស់អាណាចក្រចេនឡារបស់ខ្មែរ (ចេនឡាគោក) ដែលមានរាជធានីនៅក្រុងភវបុរៈ (ប្រាសាទវត្តភូសព្វថ្ងៃ) និងបន្តរហូតមកដល់ចុងសម័យអង្គរ។
តើបច្ចុប្បន្ន ខេត្តចម្ប៉ាស័កមានអ្វីពិសេសខ្លះ?
ក្នុងឱកាសចូលរួមដំណើរទស្សនកិច្ចជាមួយអង្គការសេដាក រយៈពេល៣ថ្ងៃ ចុងឆ្នាំ២០១៨ នៅខេត្តចម្ប៉ាស័កខាងលើ ភ្នាក់ងារព័ត៌មាន Fresh News បានទទួលនូវព័ត៌មាន ចំណេះដឹង និងរូបភាពពិសេសៗជាច្រើននៅក្នុងខេត្តមួយនេះ ក្នុងនោះយើងបានកត់សម្គាល់នូវលក្ខណៈពិសេស ១១ចំណុច រួមមាន៖
*១៖ ខេត្តចម្ប៉ាស័ក ជាខេត្តកំណើតរបស់នាយករដ្ឋមន្ត្រីឡាវបច្ចុប្បន្ន លោក ថងលូន ស៊ីសូលីត។
*២៖ ទីប្រជុំជនក្រុងប៉ាកសេ រមណីយដ្ឋានទេសចរណ៍ប្រាសាទវត្តភូ ទឹកជ្រោះប៉ាកសង វត្តភូសាឡៅ សួនផ្កាម៉ុនត្រា តំបន់ប៉ាកសងហាយលែង (Paksong Hight Land) រមណីយដ្ឋានទឹកធ្លាក់ ខុនផាផែង (Khotephapheng) ខ្មែរហៅ «ល្បាក់ខោន» ជាមេដែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យទៅទស្សនាក្នុងខេត្តចម្ប៉ាស័ក។
*៣៖ ខេត្តចម្ប៉ាស័ក ជាខេត្តដែលផ្គត់ផ្គង់កាហ្វេច្រើនជាងគេរបស់ឡាវ ក្នុងនោះស្រុកប៉ាកសង ជាស្រុកដែលអំណោយផលដល់ចម្ការកាហ្វេអារ៉ាប៊ីកាខ្លាំងជាងគេ។ កសិករចម្ការកាហ្វេនៅទីនោះមានជីវភាពធូរធាសមរម្យ។
*៤៖ តំបន់ប៉ាកសងហាយលែង (Paksong Hight Land) ជាកន្លែងដែលមានរយៈកម្ពស់ខ្ពស់ជាងគេនៅខេត្តចម្ប៉ាស័ក មានកម្ពស់ដល់ទៅ ១,២៩៤ម៉ែត្រ អាកាសធាតុត្រជាក់ ហើយមានចម្ការកាហ្វេដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។
*៥៖ ភោជនីយដ្ឋាននានានៅក្បែរដងទន្លេមេគង្គ មានប្រភេទម្ហូបអាហារឆ្ងាញ់ៗផ្សំពីត្រីដែលនេសាទបានពីក្នុងទន្លេងមេគង្គ។
*៦៖ ប្រជាជនឡាវនៅទីនោះ ចូលចិត្តបរិភោគបាយដំណើប ដែលបាយដំណើបនោះអាចបរិភោគបានរហូតដល់បីបួនថ្ងៃឯណោះ។
*៧៖ រោងចក្រស្រាបៀ Beer Laos ដែលធំជាងគេរបស់ឡាវ គឺតាំងនៅខេត្តចម្ប៉ាស័កនេះឯង។
*៨៖ រោងចក្រផលិតកាហ្វេ «ដាវកាហ្វេ» ដែលធំជាងគេក៏តាំងនៅខេត្តចម្ប៉ាស័កដែរ។
*៩៖ មូលដ្ឋានអាជីវកម្មសឹងតែ ១០០ភាគរយ នៅក្នុងខេត្តចម្ប៉ាស័ក សុទ្ធតែសរសេរអក្សរឡាវធំៗនៅពីលើអក្សរអង់គ្លេស និងអក្សរបរទេសដទៃទៀត។
*១០៖ ថ្វីដ្បិតឡាវសម្បូរព្រៃឈើ ប៉ុន្តែផ្ទះប្រជាជននៅខេត្តចម្ប៉ាស័ក ធ្វើអំពីឈើតិចជាងផ្ទះថ្ម ជញ្ជាំងឈើភាគច្រើនវាយបិទជាទម្រង់ផ្ដេក ខុសពីផ្ទះឈើនៅកម្ពុជាភាគច្រើនជញ្ជាំងផ្ទះវាយបិទបញ្ឈរ។
*១១៖ ប្រជាជនឡាវភាគច្រើននៅស្លៀកសំពត់ប្រពៃណី មិនថាប្រជាជនសាមញ្ញ សិស្សានុសិស្ស ឬមន្ត្រីរដ្ឋការនោះឡើយ៕
ទស្សនារូបភាពដែលភ្នាក់ងារ Fresh News ផ្ដិតយកបានពីក្នុងខេត្តចម្ប៉ាស័ក៖
រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ «ប្រាសាទវត្តភូ»
វត្តភូសាឡៅ (Vat Phou Salao)
តំបន់ប៉ាកសងហាយលែន (Paksong Hight Land)
សួនផ្កាម៉ុនត្រា (Montra)
ទឹកធ្លាក់ខុនផាផែង (Khonephapheng) ឬល្បាក់ខោន