(ភ្នំពេញ)៖ ក្នុងបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានផ្ញើលិខិតមួយជូនជនរួមជាតិ។ ក្នុងសារលិខិតនោះ សម្តេចញាចក្រី ហេង សំរិន បានជូនពរជនរួមជាតិទទួលបាននូវពរជ័យ បវរសួស្តីមហាប្រសើរ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ព្រមទាំងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចដំណើរការកសាងនិងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជានៃយើង ឱ្យឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពដ៏រុងរឿងនាពេលអនាគត។
សម្តេចប្រធានរដ្ឋសភា ក៏បានសម្តែងនូវគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ នៃប្រជារាស្រ្តខ្មែរជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គគ្រប់ៗរូប និងសូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេសជានិច្ចនិរន្តរ៍តរៀងទៅ។
ជាមួយគ្នានេះ សម្តេច ហេង សំរិន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនំាដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចបានកន្លងមក ដោយបានធ្វើឱ្យសង្គមជាតិយើងទំាងមូលមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសក្លាយជានីតិរដ្ឋមួយ ក្នុងអធិបតេយ្យភាពពេញលេញ បូរណភាពទឹកដីរឹងមំា មានការរីកចម្រើនសម្បូរសប្បាយ និងឯកភាពជាតិជាប់លាប់យូរអង្វែង ព្រមទាំងរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ឆ្នាប់សាធារណៈកាន់តែរឹងមំានិងល្អប្រសើរ។
សម្តេចប្រធានរដ្ឋសភា ដែលជាអង្គការនីតិប្បញ្ញត្តិ និងតំណាងប្រជាពលរដ្ឋ បានប្រកាសថា រដ្ឋសភាតែងបានដើរតួនាទីយ៉ាងសកម្មក្នុងការសហការ និងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយបានអនុម័តច្បាប់ចំនួនជាង៥០០ច្បាប់ ក្នុងរយៈពេល៥អាណត្តិកន្លងមក ព្រមទាំងបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវឌ្ឍនៃព្រឹត្តិការណ៍សំខាន់ៗរបស់តំបន់ និងសកលលោក។
តាមរយៈការបំពេញបេសកកម្មការទូតសភា រដ្ឋសភាបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើសមាហរណកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសភានៃប្រទេសដទៃ និងបានចូលរួមយ៉ាងសកម្មក្នុងវេទិកាសភាតំបន់ និងពិភពលោក ជាអាទិ៍សហភាពអន្តរសភា (IPU) អន្តរសភាអាស៊ាន (AIPA) សភាតំបន់អាស៊ី(APA) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) សភានិយាយភាសាបារាំង (APF) និងសភាអាស៊ី-អឺរ៉ុប ASEP ជាដើម។ រដ្ឋសភាបានរួមចំណែកធ្វើឱ្យកិត្យានុភាពជាតិ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាទាំងថ្នាក់តំបន់ និងសកលលោក។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំថ្មី ឆ្នាំសកល២០១៩ រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា មានការងារស្នូលរបស់ខ្លួនដែលនឹងត្រូវបំពេញបន្តនិងបង្កើនការខិតខំបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវជោគជ័យថ្មីៗ និងធំធេងបន្ថែមទៀត ជាពិសេសការពារដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៕