(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា បានទទូចដល់ជនរួមជាតិទាំងអស់ទៅលេងកម្សាន្ត និងឆ្លងឆ្នាំឲ្យបានច្រើនកុះករនៅវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារាត្រីនេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះ «សូមអញ្ជើញបងប្អូនជនរួមជាតិ ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន ចូលរួមឆ្លងឆ្នាំសកលនៅវិមានឈ្នះ-ឈ្នះ យប់នេះឲ្យបានច្រើនកុះករ និងដើម្បីបានឃើញច្បាស់នូវសោភ័ណភាពវិមានប្រវត្តិសាស្រ្តនាពេលរាត្រីទៀតផង»។

បើតាមការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នឹងអញ្ជើញទៅឆ្លងឆ្នាំនៅវិមាននយោបាយឈ្នះ-ឈ្នះ នៅរាត្រីនេះផងដែរ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា និងសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ»នោះ នៅទីតាំងសាងសង់វិមាន «នយោបាយឈ្នះ-ឈ្នះ»នេះ បានរៀបចំព្រឹត្តិការណ៍បាញ់កាំជ្រួចដែលមានលក្ខណៈពិសេសជាកាំជ្រួច 3D និងមានរយៈពេលយូរមិនធ្លាប់មាននៅកម្ពុជា អមដោយការប្រគំតន្ត្រីផងអស់រយៈពេលពីររាត្រីមកហើយ។ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឆ្លងចូលឆ្នាំថ្មីឆ្នាំ២០១៩នេះ ក៏ដូចគ្នាផងដែរ នឹងមានការបាញ់កាំជ្រួច និងប្រគំតន្ត្រីដោយមានការចូលរួមពីអ្នកចម្រៀងល្បីៗផងដែរ។

រយៈពេលពីរថ្ងៃកន្លងទៅនេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនបាននាំគ្នាទៅលេងកម្សាន្ត ទស្សនាការបាញ់កាំជ្រួច និងទស្សនាការប្រគំតន្ត្រីនៅទីតាំងវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ដែលជាវិមាននៃនិមិត្តរូបឲ្យសុខសន្តិភាព ការបង្រួបបង្រួមជាតិនៅកម្ពុជា។

 

ក្រៅពីការអំពាវនាវដល់ជនរួមជាតិឲ្យទៅឆ្លងឆ្នាំនៅវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ»ហើយនោះ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ ក៏បានប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន និងកំពុងបំពេញបេសកកម្មនៅបណ្តាប្រទេសនានា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជួបតែសេចក្តីសុខ សេចក្តីសចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខរបរ និងមានលាភសំណាងគ្រប់ៗគ្នានៅក្នុងឆ្នាំថ្មី ២០១៩ ដែលនឹងចូលមកដល់នៅពាក់កណ្តាលអាធ្រាត្រនេះ៕