(កណ្តាល)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ស្រុកលើកដែក ខេត្តកណ្តាល បានប្រារព្ធពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤១ អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីលល ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកសមាជិកា មានប្រមាណ២៥០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក។

លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក បានអានរបាយការណ៍ និងទិសដៅ របស់សន្និបាតគណៈកម្មការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជន ដែលបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង៣ពាន់នាក់ និងបានសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន១១ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខ។

ក្នុងសន្និបាតនោះដែរ បានបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីចំនួន៧រូបផងដែរ ដែលធ្វើឱ្យសមាជិកអចិន្រ្តៃយ៍របស់ គណបក្សដ៏ចំណាស់នេះ មានចំនួន៣៧រូប និងមានសមាជិកគណៈកម្មាធិការកណ្តាល ចំនួន៨៦៥រូប។

ក្រោយពីអាននូវរបាយការណ៍ និងទិសដៅរួចមកលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ និងជាអនុប្រធានទី២ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកលើកដែក បានបន្តអានជូនអង្គពិធីនូវផែនការត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។

ទន្ទឹមនឹងនោះលោកស្រី ឃួន សុដារី បានបញ្ជាក់បន្ថែមពីជោគជ័យរបស់គណបក្សប្រជាជន ដែលបានអនុវត្តន៍គោលការណ៍របស់ខ្លួនកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ។ ជាពិសេស គណបក្សប្រជាជនស្រុកលើកដែក ខេត្តកណ្តាល ដែលបានអនុវត្ត និងពង្រឹងពង្រីកសមត្ថភាពរបស់ខ្លួនបានយ៉ាងរឹងមាំ ដែលជាកិច្ចមានអត្ថន័យចំពោះជោគជ័យរបស់ គណបក្សទាំងរយៈពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងតទៅមុខ។

ថ្លែងក្នុងអង្គពិធី លោកលោកស្រី បានលើកឡើងទាក់ទងទៅនឹងសភាពការណ៍ជាតិ និងអន្តរជាតិ ដើម្បីឲ្យអ្នកចូលរួមក្នុងថ្ងៃនេះ បានដឹងបន្ថែមពីស្ថានការណ៍ ផ្សេងៗដែលកំពុងតែកើតមានឡើង នៅជុំវិញពិភពលោក ហើយទាំងនោះមានភាពស្មុគស្មាញ និងវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។

ក្រោយពីការស្តាប់លទ្ធផល នៃការផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក សមាជិកសមាជិកា នៃគណបក្សប្រជាជន បានជ្រួតជ្រាប និងយល់ដឹងកាន់តែច្បាស់អំពីសារសំខាន់ នៃអង្គសន្និបាតនេះផងដែរ៕