(ភ្នំពេញ)៖ ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការវិមានឈ្នះឈ្នះ និងអបអរសាទរដល់ខួបលើកទី២០ នៃនយោបាយឈ្នះឈ្ន របស់ សម្តេចតេជោ ហ៊ុន សែន អមជាមួយព្រឹត្តិការណ៍ឆ្លងឆ្នាំសកលដ៏សប្បាយរីករាយ ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវិមានឈ្នះឈ្នះ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គេសង្កេតឃើញមាន ការចូលរួមតាំងពិព័រណ៍ពីស្ថាប័នរដ្ឋ និងឯកជនប្រមាណ៧០០ស្តង់ផងដែរ។
ក្រុមហ៊ុនដែលបានយកស្តង់មកដាក់តាំងពិពិរណ៍នៅពេលនេះ ខ្លះជាក្រុមហ៊ុនរបស់រដ្ឋ ក្រុមហ៊ុនឯកជន និងក្រុមហ៊ុនបរទេស ដែលចម្រុះគ្នាមានទាំងផ្នែកបច្ចេកវិទ្យា, កសិកម្ម, ឧបករណ៍អេឡិចត្រនិច, ក្រុមហ៊ុនផលិតចំណីអាហារ និងក្រុមហ៊ុនផ្សេងទៀតផងដែរ។
Mr.Jack Zhao តំណាងអោយក្រុមហ៊ុន សិនសូរ៉ូ មកពីប្រទេសចិន ដែលបានចូលរួមតាំងពិព័រណ៍ នៅវិមានឈ្នះឈ្នះ បាននិយាយប្រាប់ Fresh News ឱ្យដឹងថា SENSORO ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ទំនើបថ្មីមួយរបស់ចិន ដែលវិនិយោគលើសេវាកម្មឧបករណ៍ ប្រកាសអាសន្ន និងជូនដំណឹងពីគ្រោះថ្នាក់អគ្គិភ័យ សំដាប់ទីក្រុង ដែលបានឈរជើងនៅទីក្រុងចំនួន១០ នៅក្នុងប្រទេសចិន។
លោកបានលើកឡើងថា សម្រាប់ថ្ងៃសម្ពោធវិមានវិឈ្នះ-ឈ្នះនេះ គឺជាឱកាសដែលបានបង្ហាញឱ្យឃើញថារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបញ្ជាក់ឱ្យឃើញពីភាពរីកចម្រើនរបស់កម្ពុជា រយៈពេល២០ឆ្នាំ កន្លងមកនេះផងដែរ។
លោកបានបន្តថា សម្រាប់ការតាំងពិព័រណ៍នេះថ្ងៃនេះ មានមនុស្សអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដែលបញ្ជាក់ឱ្យឃើញថាប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ មិនមានបាតុភាពណាមួយដែលមកគំរាមកំហែងពីសកម្មភាព សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ក្រោមនៃសន្តិភាព ដែលមានការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះដែរ តំណាងក្រុមកសិកម្មដែលចូលរួមបតាំងពិព័រណ៍នេះ ក៏បានលើកឡើងពីព្រឹត្តិការមិនធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា ដែលមានការតាំងពិព័រណ៍ស្តង់រហូត ដល់ជិត៧០០ស្តង់ និងមានការអញ្ជើញចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើនកុះករ សម្រាប់កម្មសម្ពោធវិមាន ដែលជាប្រវត្តិសាស្ត្រសម្រាប់ជាតិកម្ពុជា នៅសទវត្សទី២១នេះផងដែរ។
ក្នុងនាមជាក្រុមហ៊ុនដែលវិនិយោគលើវិស័យកសិកម្ម លោកបានបន្តថា ស្តង់របស់ក្រុមហ៊ុនលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមទស្សនានៅពេលនេះ ព្រមទាំងជាឱកាសមាស ឱកាសប្រាក់សម្រាប់បណ្តាលក្រុមហ៊ុនទាំងឡាយ ដែលមានវត្តមាននៅទីនេះផងដែរ។ ចំពោះព្រឹត្តិការណ៍ ដែលញ៉ាំងឱ្យបណ្តាស្ថាប័នឯកជននានា ជាពិសេសក្រុមហ៊ុនរបស់ខ្លួនបានយក នូវផលិតផលមកដាក់តាំងបង្ហាញនៅទីនេះ ដើម្បីជាចំណែកផ្សព្វដល់សាធារណជាតិ និងអន្តរជាតិ កាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាពដែលនាំ មកដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
លោកបានបន្ថែមទៀតថា ប្រសិនបើគ្មានការបង្រួបបង្រួមទឹកដីនោះទេ ប្រាកដណាស់ថ្ងៃនេះនឹងមិនវត្តមានបណ្តាក្រុមហ៊ុននានា ព្រមទាំងមិនមានឱកាសជួបជុំគ្នាដូចថ្ងៃនេះនោះទេ។ គោលនយោបាយឈ្នះ-ឈ្នះ បានបង្កភាពងាយស្រួលគ្រប់បែបយ៉ាង ដល់ប្រជនកម្ពុជាទាំងមូល ប្រែងក្លាយរបបកម្មសិទ្ធិសមភាព មកជាកម្មសិទ្ធិឯងជន ព្រមទាំងផ្តល់សិទ្ធិគ្រប់យ៉ាងដល់ពលរដ្ឋកម្ពុជា ទាំងការប្រកបមុខរបរ ជ្រើសអាជីពដែលខ្លួនស្រឡាញ់ និងការសម្រេចចិត្តគ្រប់បែបយ៉ាង ដែលមិនផ្ទុយពីច្បាប់ផងដែរ។
លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានថ្លែងថា ថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ នៅពេលនេះ គឺជាឱកាសមួយដែលបានផ្តល់ នូវភាពអស្ចារ្យបំផុតសម្រាប់បណ្តារាជធានី-ខេត្ត បណ្តាក្រសួងស្ថាប័ន ព្រមទាំងវិស័យឯកជន និងម្ចាស់ស្នាដៃផ្សេងៗទៀត បានយកផលិតផល របស់ខ្លួនមកតាំងបង្ហញ និងបង្អួតដល់សាធារណជន ក៏ដូចជាបង្ហាញឱ្យឃើញ នូវការរីកច្រើនរបស់កម្ពុជា រយៈពេល២០កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោក ស៊ឹម ធី បានបន្តថា សម្រាប់ខេត្តរបស់លោកបានយកនូវសមិទ្ធផល និងផលិតផលនានាដែលបានបង្កើតឡើងនៅក្នុងខេត្តរបស់ខ្លួន មកដាក់តាំងបង្ហាញជូនសាធារណជន បានទស្សនា និងថតរូបអនុស្សាវរីយ៍ ព្រមទាំងបានសិក្សាស្វែងយល់ពីផលិតផលនីមួយៗនៅខេត្ត ដែលទើបបង្កើតថ្មីមកនេះ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។
គួរជម្រាបថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំអបអរសាទរសំណង់ជាប្រវត្តិសាស្ត្រ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង សម្តេចតេជោ ហ៊ុន សែន បានរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដោយបើកឱ្យសាធារណជនទូទៅចូលទស្សនាដោយសេរីផងដែរ៕