(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ទៅក្រុមអ្នកស្រឡាញ់ ភេទដូចគ្នាថា កុំមានការព្រួយបារម្ភឱ្យសោះ ចំពោះការរើងអើងពីសំណាក់អ្នកដ៏ទៃ ក៏ព្រោះតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្ត និងយកចិត្តទុកដាក់គ្រប់បែបយ៉ាង គ្រប់កាលៈទេសៈទាំងអស់។
ការលើកឡើងបែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលោកបានអញ្ជើញជាអធិបតីភាព ពិធីអបអរសាទរខួប១០ឆ្នាំ នៃសហគមន៍ ឥន្ទធនូកម្ពុជា និងខួប៧០ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ស្ថិតនៅនៅអគារបុរាណ «The Mansion» ទល់មុខវាលព្រះមេរុ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនេះដែរ លោក កែវ រ៉េមី បានថ្លែងយ៉ាងដូច្នេះថា «លក្ខណៈងាយស្រួលសម្រាប់បងប្អូន អ្នកស្រឡាញ់ភេទដូចគ្នា ខ្ញុំបានជម្រាបជូនទៅពួកគាត់ អ្វីដែលងាយស្រួលបំផុត គឺជាដាវពិសិទ្ធិ គឺទាក់ទងទៅនឹងជំហររបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែគាំទ្រ មិនឱ្យមានការរើសអើងនៅក្នុងសង្គមជាតិយើងទេ»។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍គាំទ្រកាលពីឆ្នាំ២០០៤មកម្ល៉េះ ព្រមទាំងប្រកាសជាបន្តបន្ទាប់មកទៀត ហើយនៅព្រឹកថ្ងៃនេះ នៅឱកាសខួប១០ឆ្នាំ នៃសហគមន៍ ឥន្ទធនូកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏មានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងត្រូវឈានមុខលើការមិនរើសអើង»។ នេះគឺជាសារដ៏មានសារសំខាន់ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់អ្នកស្រឡាញ់ ភេទដូចគ្នា នៅក្នុងសហគមន៍ឥន្ទធនូកម្ពុជាទាំងមូលផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីលោក កែវ រ៉េមី។
មេសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ស្ថិរភាពសង្គម និងសន្តិភាពសង្គមនេះហើយ ដែលជំរុញឱ្យមានការលើកកម្កើន នៃវិស័យសិទ្ធិមនុស្ស អញ្ចឹងដើម្បីធានានូវសិទ្ធិរបស់ពួកគេបន្តទៅទៀត លោកក៏បានអំពាវនាវឱ្យពួកគេ ចូលរួមនៅក្នុងសង្គមជាតិយើង ចូលរួមនូវសកម្មភាព របស់រាជរដ្ឋាភិបាល ដើម្បីធានាបន្តទៀតនូវស្ថិរភាព និងសន្តិភាព ព្រមទាំងឱ្យក្រុមអ្នកស្រឡាញ់ភេទដូច គ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យរបស់ពួកគេ ហើយកុំឱ្យមានការប៉ះពាល់នូវផ្នែកណាមួយរបស់សង្គមជាតិផងដែរ។
លោក កែវ រ៉េមី ក៏អំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមគាំទ្រ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងការគាំទ្រ និងប្រឆាំងនឹងការរើសអើងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា សូមឱ្យក្រុមគ្រួសារទទួលស្គាល់នូវការពិត និងមិនត្រូវប្រើអំពើហិង្សាទៅលើកូន ចៅ ប្អូន ដែលបានបង្ហាញពីចរិកលក្ខណៈស្រឡាញ់ភេទដូចគ្នា៕