(កណ្ដាល)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញចុះទៅពិនិត្យមើល ការសាងសង់ផ្ទះចំនួនមួយខ្នង និងនាំយកថវិកា៣ពាន់ដុល្លារ សម្រាប់ទិញដីសង់ផ្ទះ និង៥លានរៀលសម្រាប់ទ្រទ្រង់ជីវភាពដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោក យឺន ធី ជាយោធិនពិការ នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា ដោយការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគម ដែលជានិច្ចជាកាលសម្តេចតែងយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជន ដូចជាការផ្តល់ប័ណ្ណបេឡាសន្តិសុខសង្គមសម្រាប់ការព្យាបាលជំងឺ ដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យ ការតម្លើងប្រាក់ខែជូន នឹងជាក់ស្ដែងថ្ងៃនេះ សម្តេចបានឲ្យលោក ចុះមកពិនិត្យការសាងសង់ផ្ទះ និងនាំថវិការរបសសម្តេចទាំងពីរជូនលោក យិន ធី ដែលកំពុងមានការខ្វះខាត។
លោក យិន ធី និងគ្រួសារ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់គាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះផ្តល់ថវិកាទិញដីដល់គាត់ ពួកគាត់សូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារក្នុងឆ្នាំថ្មីខាងមុខនេះ សូមឲ្យបានសុខសប្បាយ សិរីសួស្តីជ័យមង្គលវិបុលសុខ និងបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត៕