(បរទេស)៖ ផ្ទាំងទស្សនីយភាពនៃការប្រគំតន្រ្តីរបស់ BTS ដែលគ្រោងចាក់បញ្ចាំងនៅឯសាធារណរដ្ឋ Dagestan ភាគខាងត្បូង ប្រទេសរុស្ស៊ី ត្រូវបានលុបចោលបន្ទាប់ពីមានការចោទប្រកាន់ថាក្រុមតារាចម្រៀង K-Pop ដ៏ល្បីនេះជាប្រភេទបុរស ស្រឡាញ់ភេទដូចគ្នា។ ខ្សែវីដេអូដែលមានចំណងជើងថា "BTS World Tour: Love Yourself in Seoul" ត្រូវបានគ្រោង ចាក់បញ្ចាំងនៅរោងកុនមួយនៅក្នុងទីក្រុង Makhachkala បន្ទាប់ពីអ្នកគាំទ្រក្នុងស្រុករាប់រយនាក់បានដឹកនាំយុទ្ធនាការ បណ្តាញផ្សព្វផ្សាយសង្គម ដើម្បីមើលខ្សែភាពយន្តឯកសារនៅក្នុងទីក្រុងរបស់ពួកគេ។
សារព័ត៌មានរុស្ស៊ីមួយបានរាយការណ៍ថា បន្ទាប់ពីមានយុទ្ធនាការធ្វើពហិកាតាមប្រព័ន្ធអនឡាញប្រឆាំងនឹង BTS សម្រាប់អាកប្បកិរិយាមិនសមរម្យ របស់ក្រុមនេះ ស្រាប់តែរោងមហោស្រពភាពយន្តដែលជាកន្លែង គ្រោងចាក់បញ្ចាំងខ្សែវីដេអូបែរជាលុបចោលការលក់ សំបុត្រត្រឹមតែមួយថ្ងៃបន្ទាប់ពីបើកសម្ពោធ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលប្រទេសរុស្ស៊ីប្រឆាំងនឹង សហគមន៍ LGBT ហើយ BTS បានទទួលរងប្រតិកម្មខ្លាំងបន្ទាប់ពីពួកគេលើកទឹកចិត្តយុវវ័យឲ្យចេះបង្ហាញពីធម្មជាតិ របស់ខ្លួននៅឯសន្និបាតសហប្រជាជាតិ ប៉ុន្តែទោះជាយ៉ាងណាក៏គ្មានសមាជិក BTS ណាម្នាក់ត្រូវបានបង្ហាញថាជា បុរសស្រឡាញ់ភេទដូចគ្នាឡើយ។