(ភ្នំពេញ)៖ ក្រុមហ៊ុនស៊ីឡាយថ៍ បានបង្ហាញជំហរយ៉ាងមុតមាំថា នឹងបង្កើនជំនឿទុកចិត្តកាន់តែខ្លាំងជូនដល់អតិថិជន តាមរយៈតម្លៃ និងសេវាកម្មរបស់ខ្លួន បន្ទាប់ពីទទួលបាន ភាពជោគជ័យ ជាបន្តបន្ទាប់ រយៈពេលជាង៣ឆ្នាំ ហើយដើម្បីជាការថ្លែងអំណរគុណចំពោះអតិថិជន និងដេប៉ូចែកចាយ ដែលបានជឿទុកចិត្ត និងប្រើប្រាស់ផលិតផលរបស់ខ្លួន ក្រុមហ៊ុនស៊ីឡាយថ៍ ដែលជាក្រុមហ៊ុនចែកចាយគ្រឿងបរិក្ខាសំណង់ បានរៀបចំពិធីជប់លៀង ជួបជុំអតិថិជន និងតំណាងដេប៉ូចែកចាយ ទូទាំងរាជធានីខេត្ត ដែលបានជឿទុកចិត្តមកលើក្រុមហ៊ុន ហើយក្នុងនោះក៏មានជាការចាប់រង្វាន់ ជាការលើកទឹកចិត្តមួយចំនួនផងដែរ។
ពិធីជប់លៀងថ្លែងអំណរគុណរបស់ក្រុមហ៊ុនស៊ីឡាយថ៍ ធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ញ៉េប សុខសាន្ត ជាអ្នកគ្រប់គ្រងក្រុមហ៊ុន លោក គី សូដាវីដ ជាអគ្គនាយក នៃក្រុមហ៊ុនស៊ីឡាយថ៍ រួមទាំងមានការចូលរួមពីអតិថិជន តំណាងដេប៉ូចែកចាយទូទាំងរាជធានីខេត្ត និងបុគ្គលិកនៃក្រុមហ៊ុនស៊ីឡាយថ៍ ជាច្រើនផងដែរ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ថ្លែងក្នុងឱកាសនោះលោក គី សូដាវីដ បានឱ្យដឹងថា ក្រុមហ៊ុនស៊ីឡាយថ៍ បានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បន្ទាប់ពីក្រុមហ៊ុន បានដំណើរការណ៍អស់រយៈពេលជាង៣ឆ្នាំកន្លងមក ហើយដោយសារតែការដំណើរការកន្លងមកនេះឃើញថា ទទួលបានភាពជោគជ័យ ទើបក្រុមហ៊ុន បានរៀបចំជាកម្មវិធីជប់លៀងនេះឡើង ដើម្បីជាការថ្លែងអំណរគុណ ដល់បណ្តាអតិថិជន និងដេប៉ូទាំងអស់ ដែលមានការជឿទុកចិត្ត និងជឿជាក់ លើផលិតផលរបស់ក្រុមហ៊ុន ស៊ីឡាយថ៍ ដែលជាផលិតផលដែលមានគុណភាពខ្ពស់ សេវាកម្មល្អ និងតម្លៃសមរម្យផងដែរ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនស៊ីឡាយថ៍ គឺបានផ្តោតសំខាន់ទៅលើគ្រឿងសំណង់ និងផ្តោតខ្លាំងបំផុតទៅលើគ្រឿងពិដាន ដូចជា សន្លឹកម្នាងសិលា ដែកស៊ីឡាយថ៍ ហ្រ្វីបប្រូលាត ម៉ាកEasy Board និងមានផលិតផលជាច្រើនទៀតដូចជា ក្បឿង ដែលទីប ដែកស័ង្កសី។ ដោយសារតែមានការជឿទុកចិត្តពីបណ្តាអតិថិជន ទើបធ្វើឱ្យក្រុមហ៊ុន មានការរីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយមកដល់បច្ចុប្បន្ននេះ ស៊ីឡាយថ៍បាននាំចូល និងលក់ចេញផលិតផលបាន ១ម៉ឺន៨ពាន់តោនក្នុង១ឆ្នាំ។
ស្ថានិកវ័យក្មេងរូបនេះ បានបន្ថែមទៀតថា ដើម្បីជាផ្តល់សេវាកម្មជូនដល់អតិថិជន ឱ្យបានគ្រប់គ្រាន់ និងមានភាពល្អប្រសើរនោះ ក្រុមហ៊ុនស៊ីឡាយថ៍ បានបង្កើតឃ្លាំងចំនួន៣កន្លែង ដែលមាននៅភ្នំពេញ២កន្លែង និងនៅជាប់ព្រំដែនថៃ១កន្លែង ហើយនៅទូទាំង២៤រាជធានីខេត្ត ក្រុមហ៊ុនស៊ីឡាយថ៍ ក៏មានដេប៉ូចែកចាយជាង ២០០ដេប៉ូ និងមានក្រុមហ៊ុនសម្រាប់ដឹកជញ្ជូន និងចែកចាយគ្រប់ខេត្តទាំងអស់ផងដែរ។ នៅក្នុងឆ្នាំ២០១៩ខាងមុខនេះ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចជាមួយ នឹងសង្វាក់ផលិតកម្ម ដើម្បីចូលរួមជាមួយនឹងវិស័យចក្ខុសំណង់នេះ ហើយលោករំពឹងថា ក្រុមហ៊ុនស៊ីឡាយថ៍ នឹងទទួលបានការគាំទ្រពីអតិថិជន កាន់តែច្រើនបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុនស៊ីឡាយថ៍ គឺជាក្រុមហ៊ុនចែកចាយ សន្លឹកម្នាងសិលា ម៉ាកKnauf សន្លឹកហ្រ្វីប្រូលាត និងភ្លីម៉ាក Easy Board ក្បឿង សន្លឹកMC ដែកស៊ីឡាយថ៍ ស័ង្កសី និងគ្រឿងបរិក្ខាសំណង់ជាច្រើនប្រភេទផងដែរ៕