(បាត់ដំបង)៖ រថយន្តកាមរី១គ្រឿង បើកបរក្នុងល្បឿនលឿន បានគេចពីមនុស្សថ្មើរជើងដើរកាត់ថ្នល់ម្នាក់ ស្រាប់តែរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ខ្លួនឯង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់-ស្រាល ចំនួន៨នាក់ តែនេះជាសំណាងល្អមួយ ដែលគ្រោះថ្នាក់នេះ មិនមានអ្នកណាម្នាក់ស្លាប់នោះទេ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨៖១៥នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
បើតាមលោក ស្វាយ សំអាត អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកំរៀង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីរថយន្តបើកលឿន ហើយគេចជាមួយ ថ្មើរជើងម្នាក់ ក៏បើកគេចជ្រុលចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់រងរបួសធ្ងន់ និងស្រាលចំនួន៨នាក់ មានក្មេងចាស់ប្រុសស្រីផង។
លោកបានបញ្ជាក់ថា ពេលនេះកម្លាំងរបស់លោក កំពុងជួយសង្គ្រោះដឹកជនរងគ្រោះ ទៅមណ្ឌលសុខភាពតាក្រីហើយ។ ដោយឡែក ជនរងគ្រោះទាំងអស់ មិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ៕