(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ រាជសន្តុសិត លោក ផន វណ្ណិត ដែលគេស្គាល់ថា ជាអ្នកជំនួញវ័យក្មេងដ៏ជោគជ័យលើវិស័យអចលទ្រព្យ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះ ឱកាសមានកាន់តែច្រើន តែអ្នកដណ្ដើមឱកាសក៏មានកាន់តែច្រើនដែរ, ប្រសិនបើយើងយឺតតែមួយជំហាន ឱកាសល្អនោះ នឹងរំលងទៅផុត ធ្លាក់ទៅលើដៃអ្នកផ្សេង។
ការលើកឡើងបែបនេះ របស់អគ្គនាយកក្រុមហ៊ុនរូបនេះក្នុងឱកាសដែលលោកកំពុងតែបើកគម្រោងលក់ដីឡូតិ៍ជាច្រើនទីតាំងទៀតក្នុងពេលតែមួយ នៅខេត្ដកំពង់ស្ពឺ បន្ទាប់ពីទទួលបានគាំទ្រខ្ពស់ពីអតិថិជនកន្លងមកនេះ ។
លោក ផន វណ្ណិត បានបញ្ជាក់ប្រាប់ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះទៀតថា «បើអ្នកដាក់ចិត្តថារកស៊ី ឬធ្វើជំនួញអ្វីមួយ ត្រូវធ្វើឱ្យបានឆាប់បំផុត កុំនៅស្ទាក់ស្ទើរ ហើយត្រូវរៀនមើលតាមសត្វឥន្ទ្រី ដែលស្វែងរកចាប់ចំណី»។
អ្នកជំនួញដ៏ជោគជ័យរូបនេះ បានថ្លែងបន្ដថា បើមើលទៅសត្វឥន្ទ្រី នៅពេលដែលវាស្វែងរកចំណី ភ្នែករបស់វារំពៃសម្លឹងទៅផ្ទៃទឹកជានិច្ច។ ចំណីដែលបង្ហាញខ្លួនហើយ មិនងាយគេចផុតពីក្រញាំឥន្ទ្រីនោះទេ ព្រោះសត្វស្លាបមួយប្រភេទនេះ នឹងហោះទៅត្រង់ប្រើក្រញាំចាប់យកចំណី ដោយមិនខ្លាចពីឧបសគ្គឡើយ។ ចុងក្រោយ វាក៏បានចំណី មុនសត្វឯទៀត។
បើប្រើធៀបមកជំនួញក៏ដូចគ្នា នៅពេលដែលយើងគិតហានិភ័យខ្លាំងពេក ឱកាសល្អនឹងកន្លងផុតទៅ ឬត្រូវអ្នកដទៃឆក់យកបាត់។ ប៉ុន្តែបើយើងគិតច្បាស់ហើយ សម្រេចចិត្តហើយ ជំហានបន្ត គឺត្រូវសម្រេចគោលដៅ ដោយប្រើគ្រប់មធ្យោបាយ។ ប្រសិនបើចិត្តស្ទាក់ស្ទើរ នោះភាគរយនៃភាពជោគជ័យនឹងធ្លាក់ចុះទៅតាមនោះផងដែរ ។
លោកបានបញ្ជាក់ពីជំហានឈានទៅ រកភាពជោគជ័យរបស់ខ្លួនយ៉ាងឆាប់រហ័សថា «ពីមុនខ្ញុំជាសាស្ដ្រាចារ្យ មួយរូប ប៉ុន្តែដោយខ្ញុំចូលចិត្តស្វែងយល់ពីការរកស៊ី និងធ្វើជំនួញ ។ដូច្នេះ ខ្ញុំក៏បានចាប់ផ្ដើមធ្វើជាអ្នកទីផ្សារលក់ដីឱ្យគេ រហូតឈានដល់ក្លាយជាម្ចាស់លក់ដីធ្លីដោយខ្លួនឯង និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ រហូតមានសមត្ថភាព បើកក្រុមហ៊ុនខ្លួនឯង ដាក់ឈ្មោះថា «រាជសន្តុសិត» ដែលពេលនេះ កំពុងតែមានសន្ទុះខ្លាំង លើទីផ្សារអចលនទ្រព្យ ហើយសម្រាប់គម្រោងរបស់ខ្ញុំ នីមួយៗគ្រាន់តែថា ដាក់លក់ភ្លាម គឺទទួលបានការគាំទ្រ និងជឿទុកចិត្ដពីបងប្អូនអតិថិជនតែម្ដង»។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ រាជសន្តុសិត រូបនេះ បានលើកឡើងពីបទពិសោធន៍ជីវិតផ្ទាល់ខ្លួនទៀតថា ការរកស៊ី គឺអាស្រ័យលើឱកាស បូករួមជាមួយភាពរហ័សរហួន។ លើសពីនោះ ឱកាសមិនមែនចេះតែមានទេ ដូចនេះបើមានឱកាសហើយ កុំនៅស្ទាក់ស្ទើរ គឺត្រូវចាប់យកឱ្យបានលឿនបំផុត ចាប់យកឱ្យបានមុនគេ ទើបអាចជោគជ័យបានលឿន ៕