(ភ្នំពេញ)៖ ការបញ្ចេញមតិ គឺជាសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយសិទ្ធិបញ្ចេញមតិនេះ ត្រូវបានចែងក្នុងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»។
ក្រៅពីនេះសិទ្ធិបញ្ចេញមតិក៏មានចែងផងដែរក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ។ ទោះបីការបញ្ចេញមតិ គឺជាសិទ្ធិដែលបុគ្គលគ្រប់រូបមាន និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលក៏ដោយ ប៉ុន្តែបុគ្គលគ្រប់រូបមិនត្រូវប្រើប្រាស់ការបញ្ចេញមតិ របស់ខ្លួនឲ្យប៉ះពាល់ ឬ បំពានដល់សិទ្ធិរបស់អ្នកដទៃឡើយ ពីព្រោះថា ការបបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិ និងបំពានដល់ផលប្រយោជន៍របស់អ្នកដទៃ ត្រូវចាត់ទុកថាជាបទល្មើស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគឺបទបរិហារកេរ្តិ៍ជាសាធារណៈ។
តើសកម្មភាពបែបណាខ្លះដែលត្រូវចាត់ទុកថាជាបទល្មើស «បរិហារកេរ្តិ៍ជាសាធារណៈ» ហើយអ្នកប្រព្រឹត្តបទល្មើសនេះត្រូវទទួលទោសទណ្ឌយ៉ាងដូចម្តេច? និងថាតើនីតិវិធីប្តឹងចំពោះបទបរិហារកេរ្តិ៍នេះត្រូវធ្វើឡើងដូចម្តេច? សម្រាប់សប្តាហិ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ” មកធ្វើការចែករំលែកជូនសាធារណជនដូចតទៅ៖
យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣០៥ បានឲ្យនិយមន័យបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈថា គ្រប់ការអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទនៃបុគ្គល ឬនៃស្ថាប័នណាមួយ គឺជាការបរិហារកេរ្តិ៍ ។ សញ្ញាណនៃបទល្មើសបរិហារកេរ្តិ៍ គឺជាសកម្មភាពអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយអសុទ្ធចិត្ត នាំឲ្យខូចកិត្តិយសបុគ្គល ឬស្ថាប័នណាមួយនោះ អាចធ្វើឡើងតាមរយៈសកម្មភាពដូចខាងក្រោម ៖
១៖ តាមរយៈសំដី ទោះជាប្រភេទណាក៏ដោយ ការប្រើប្រាស់សម្តីនៅតាមទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
២៖ សកម្មភាពតាមរយៈលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល។
៣៖ តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន ។
ដោយហេតុតែ «បទបរិហារកេរិ៍ដជាសាធារណៈ» ពុំមែនជាអំពើមួយដែលឃោរឃៅ ពុំទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដូច្នេះហើយនៅក្នុងក្រមព្រហ្មទណ្ឌ ពុំមានការចែងដាក់ទោសជាប់ពន្ធនាគារចំពោះជនដែលបានប្រព្រឹត្តបទល្មើសនោះឡើយ ពោលគឺជនណាដែលប្រព្រឹត្តអំពើបរិហារកេរិ៍ដជាសាធារណៈចំពោះបុគ្គល ឬស្ថាប័នណាមួយ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងផ្តល់ជាសំណងរដ្ឋប្បវេណីដើម្បីជួសជុលព្យសនកម្មដល់ជនរងគ្រោះតែប៉ុណ្ណោះ។ ការផ្តន្ទាទោសក្នុងបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ពី ១០០,០០០ រៀល ទៅ ១០,០០០,០០០ លានរៀល។
រីឯនីតិវិធីនៃបណ្តឹងចំពោះបទល្មើសនេះ គឺត្រូវអនុវត្តតាមមាត្រា៣០៩ នៃក្រមព្រហ្មទណ្ឌ ដែលបានកំណត់ថា ក្នុងករណីដែលមានការបរិហារកេរ្តិ៍ចំពោះសមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការសាធារណៈ ឬពលរដ្ឋដែលទទួលបន្ទុកបេសកកម្មសាធារណៈ ឬអាណត្តិសាធារណៈ ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្តឹងរបស់សាមីខ្លួន ឬបណ្តឹងរបស់ប្រធានស្ថាប័នសាមី។ ហើយក្នុងករណីដែលមានការបរិហារកេរ្តិ៍ ចំពោះបុគ្គលឯកជន ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្តឹងរបស់សាមីខ្លួន ដែលទទួលរងនូវការបរិហារកេរ្តិ៍នោះ។ ពាក្យបណ្តឹងរបស់សាមីខ្លួន ឬប្រធានស្ថាប័នសាមី ដែលមានចែងខាងលើ គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ ដោយអយ្យការ ហើយការដកពាក្យបណ្តឹងឲ្យជនរងគ្រោះ ឬ ដើមបណ្តឹងរដ្ឋប្បវេណីអាចនាំឲ្យបណ្តឹងអាជ្ញារលត់។ ប៉ុន្តែការចោទប្រកាន់នឹងអាចត្រូវធ្វើឡើងដោយស្វ័យប្រវត្តិដោយព្រះរាជអាជ្ញា កាលបើការបរិហារកេរ្តិ៍នោះ ត្រូវបានធ្វើឡើងប្រឆាំងនឹងបុគ្គលម្នាក់ ឬបុគ្គលមួយក្រុម ដោយមូលហេតុដើមកំណើត ពូជសាសន៍ សញ្ជាតិ ឬសាសនា របស់បុគ្គលនោះ។
ដូច្នេះសូមប្រជាពលរដ្ឋគ្រប់រូបប្រើប្រាស់នូវសិទិ្ធសេរីភាពនៃការបញ្ចេញមតិ ឬ សិទ្ធិសេរីភាពផ្សេងទៀត ត្រឹមដែនកំណត់នៃច្បាប់ ដើម្បីជៀសវាងការអនុវត្តខុស ឬ លើសពីដែនកំណត់នៃសិទ្ធិសេរីភាពរបស់ខ្លួន ដែលអាចទទួលរងនូវការចោទប្រកាន់ពីបទព្រហ្មទណ្ឌបាន ជាពិសេស គឺ បទបរិហារកេរ្តិ៍ជាសាធារណៈ ។
រៀបរៀងដោយ៖ កញ្ញា សាវី លីដា ប្រធានផ្នែករដ្ឋបាល និងជាជំនួយការច្បាប់ និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការច្បាប់ និងជាសមាជិកាក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕