(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ចូលរួមពិធីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ «នយោបាយឈ្នះឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។
នៅក្នុងឱកាសដ៏នក្ខតឫក្សនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីក្រោមឱវាទ មានកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរបានអញ្ជើញទស្សនាស្តង់សមិទ្ធផល ២០ឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់អំពីសមិទ្ធផលការងារពាណិជ្ជកម្ម និងផលិតផលសក្តានុពលសំខាន់ៗរបស់កម្ពុជា។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានធ្វើបទឧទ្ទេសនាមជូនសម្តេចទាំងពីរ ឲ្យបានជ្រាបថា ក្នុងរយៈពេល២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន (១៩៩៨-២០១៨) ក្រសួងពាណិជ្ជកម្ម សម្រេចបាននូវសមិទ្ធផល គួរជាទីមោទនៈ ដោយកម្ពុជាបានទទួលជោគជ័យលើការបើកទីផ្សារ និងនាំចេញទំនិញទៅកាន់ប្រទេសចំនួន១៤៧នៅក្នុងពិភពលោក។
ជាមួយគ្នានេះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៨ ជាមួយបណ្តាប្រទេសនានា សម្រេចបានទំហំទឹកប្រាក់២៤,៩៨៥.០០លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណ៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹម២៣,៧៩៦.០០លានដុល្លារអាមេរិក។
លើសពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនដល់ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកទស្សនាស្តង់សមិទ្ធផល ក្រសួងពាណិជ្ជកម្ម ផងដែរថា៖ ការនាំចេញរយៈពេល២០ឆ្នាំ បន្តបន្ទាប់ (១៩៩៨-២០១៨) របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកំពុងមានការលូតលាស់ យ៉ាងខ្លាំងជាលំដាប់ ដោយនៅឆ្នាំ២០១៨នេះ ការនាំចេញមានទំហំទឹកប្រាក់១២,២៥៥.៤០លានដុល្លារ មានការកើន ឡើងប្រមាណជាង១៥ដង លើតួលេខនាំចេញកាលពីឆ្នាំ១៩៩៨ ដែលមានចំនួនប្រមាណតែ ៧៩៥,០០លានដុល្លារប៉ុណ្ណោះ។
«អត្រាកំណើននេះ បានមកពីការកើនឡើងនៃការនាំចេញ នៃផលិតផលកាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង កង់ ផលិតផលកសិកម្ម និងកំណើននៃវិស័យលក់ដុំ លក់រាយបន្ទាប់បន្សំដទៃទៀត។ ប្រទេសដែលកម្ពុជានាំចេញទៅច្រើនជាងគេ (១០ប្រទេស) គឺសហរដ្ឋអាមេរិក អាឡឺម៉ង់ អង់គ្លេស ជប៉ុន កាណាដា ចិន អេស្ប៉ាញ ប៊ែលហ្សិក បារាំង និងហូឡង់» លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
សូមជម្រាបថា វិស័យពាណិជ្ជកម្ម គឺជាចលករមួយដ៏សំខាន់ ក្នុងចំណោមកម្លាំងចលករដទៃទៀត ក្នុងការធ្វើឲ្យកម្ពុជា អាចរក្សាបាននូវចីរភាពកំណើនសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងពហុភាគី បើកច្រកទីផ្សារ និងការជំរុញការវិនិយោគ។ កិត្យានុភាពរបស់កម្ពុជា ក៏ត្រូវបានទទួលស្គាល់ នៅលើឆាកអន្តរជាតិ តាមរយៈការងារចរចាពាណិជ្ជកម្មផងដែរ ដែលឆ្នាំ១៩៩៩ កម្ពុជាបានចូលជាសមាជិកអាស៊ាន ហើយនៅឆ្នាំ២០០៤ កម្ពុជាបានចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនទៀត ដូចខាងក្រោម៖
*ដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ ដូចជា៖ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ។ល។ ដើម្បីសម្រួលដល់ការប្រតិបត្តិការធុរកិច្ចរបស់វិស័យឯកជន។
*ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាច្រើន ត្រូវបានអនុម័ត និងពង្រឹងការអនុវត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។
*បង្កើនទីផ្សារ និងជំរុញការនាំចេញផលិតផលខ្មែរ តាមរយៈការងារជំរុញពាណិជ្ជកម្ម ដូចជា ការចូលរួមពិព័រណ៍ ពិភពលោក និងពិព័រណ៍អន្តរជាតិនានា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មក្រៅប្រទេស។ល។
*កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ បានកើនឡើង តាមរយៈការងារទំនាក់ទំនងទ្វេភាគី និងពហុភាគី។
*វិស័យឯកជន មានការកើនឡើងតាមរយៈការអភិវឌ្ឍពាណិជ្ជកម្មក្នុងប្រទេស ការបណ្តុះបណ្តាល និងការលើកកម្ពស់សមត្ថភាពសហគ្រិនភាព និងអ្នកផលិត។
*កេរ្តិ៍ឈ្មោះ និងគុណភាពអង្ករកម្ពុជា ទទួលបានកិត្យានុភាពសម្រាប់ទីផ្សារអន្តរជាតិ តាមរយៈការអនុវត្តគោលនយោបាយស្រូវ-អង្ករ និងការអនុម័តលើការចុះបញ្ជីម៉ាកវិញ្ញត្តិកម្ម “Malys Angkor” ជូនដល់សហព័ន្ធស្រូវអង្ករកម្ពុជា
*ចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) សម្រាប់ «ម្រេចកំពត» «ស្ករត្នោតកំពង់ស្ពឺ» និង «ក្រូចថ្លុង កោះទ្រង់ខេត្តក្រចេះ»។
*គ្រប់គ្រងបាននូវគុណភាព និងសុវត្ថិភាពទំនិញ តាមរយៈការងារត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងការបង្រ្កាបការក្លែងបន្លំទំនិញ (កាំកុងត្រូល)
*គ្រប់គ្រងអតិផរណា និងរក្សាបាននូវស្ថិរភាពថ្លៃទំនិញ តាមរយៈការតាមដាន និងសហការដោះស្រាយជាមួយ វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
លទ្ធផលសម្រេចបាន ដ៏គួរជាទីមោទនៈភាព ដូចបានជម្រាបជូនខាងលើនេះ គឺដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមដ៏ពេញលេញ ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕