(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះការដែលរាជរដ្ឋាភិបាលក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន បានរៀបចំខួប២០ឆ្នាំនៃនយោបាយ ឈ្នះ-ឈ្នះជាលើកទី១ ពីថ្ងៃ២៩-៣១ធ្នូ ឆ្នាំ២០១៨នេះដើម្បីរំឭកដល់បុព្វការីជនគ្រប់ៗជំនាន់ ពិសេសពីឆ្នាំ១៩៧៩ ដល់ ១៩៩៨ ដូចយើងទំាងអស់គ្នាទូទំាងព្រះនគរបានឃើញយ៉ាងអស្ចារ្យ និងមានមោទនភាពនេះ គឺបង្ហាញពីប្រពៃណីដឹងគុណដ៏ល្អផូរផង់របស់ខ្មែរតំាងពីបុរាណរៀងមក ពិសេសសម័យអង្គរដ៏រុងរឿងនៃយើង។ បានន័យថា ចំពោះកិច្ចពិធីដឹងគុណបុព្វការីជននេះគឺជាការផ្សារភ្ជាប់រវាងអតីត បច្ចុប្បន្ន អនាគត ដើម្បីកុំឲ្យភ្លេចជាតិហ្នឹងឯង។
បានសេចក្ដីថាចំពោះជាតិសាសន៍ណា ដែលមានអារ្យធម៌ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម គឺគេពុំអាចពុំភ្លេចកាលណាមួយបានទ្បើយ។ ដោយហេតុថាបើបច្ចុប្បន្នយើងទាត់ចោលអតីតនោះ តើយើងមានសង្ឃឹមអ្វីថា បច្ចុប្បន្ននេះនឹងមានតម្លៃទៅអនាគតនោះ? មានន័យថាបើបច្ចុប្បន្ន យើងមិនដឹងគុណអតីតក៏ទៅអនាគត គឺកូនចៅយើងក៏មិនដឹងគុណយើងដូចគ្នាដែរ។ ស្ថិតត្រង់ចំណុចហ្នឹងហើយ គឺជា «ប្រពៃណីដឹងគុណបុព្វបុរសដ៏ល្អផូរផង់របស់ខ្មែរយើង ហើយដែលរាជរដ្ឋាភិបាលរៀបចំកិច្ចពិធីដឹងគុណបុព្វការីជន» នោះ។
លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការនេះដែរបើនិយាយពីប្រពៃណីដឹងគុណបុព្វបុរសនេះផងដែរ បើយោងទៅលើប្រវត្ដិសាស្រ្ដ គឺមានតំាងពីបុរាណរៀងមក ពិសេសសម័យអង្គរដ៏រុងរឿងនៃយើង។ ជាក់ស្ដែងក្នុងរាជព្រះបាទឥន្រ្ទវរ្ម័នទី១ឆ្នាំ៨៧៩ ព្រះអង្គបានកសាងប្រាសាទព្រះគោដើម្បីឧទ្ធិសដល់បុព្វការីជនខ្លួន ពិសេសដល់ព្រះបាទជ័យវរ្ម័នទី២ ដែលព្រះអង្គមានគុណបំណាច់យ៉ាងធំធេង ក្នុងការរំដោះប្រទេសចេញពីជ្វា ហើយបានបង្រួបបង្រួមរវាងចេនទ្បាដីគោកនិងចេនទ្បាទឹកលិចទ្បើងវិញ បានធ្វើឲ្យប្រទេសមានសន្ដិភាពអំណាចស្ថិតក្រោមព្រះមហាក្សត្រតែមួយ។
បើដូចនេះបើនិយាយអំពីទស្សនវិជ្ជានៃការគ្រប់គ្រងរដ្ឋរបស់ព្រះបាទឥន្រ្ទវរ្ម័នទី១ នាសម័យនោះ គឺទ្រង់ជាក្សត្រដំបូងគេដោយការភ្ជាប់ខ្លួនទៅនិងការដឹងគុណបុព្វការីជន ដើម្បីឲ្យទ្រង់កាន់តែ មានឫទ្ធានុភាពខ្លំាងក្លាថែមទៀត ហៅថា«យសសិរីដល់ជាតិ» ហើយព្រះមហាក្សត្រក្រោយៗមកទៀត ក្នុងសម័យអង្គរបានយកគម្រូតាមរហូតប្រទេសក្លាយជាចក្រភពនាសម័យនោះ។
ដោយស្ថិតក្នុងកិច្ចពិធីនេះដែរ ក៏មានមតិខ្លះក៏បានលើកទ្បើងក្នុងន័យបន្ដុះបង្អាប់ដែរថាចំពោះពិធីរំឭកគុណបុព្វការីជនដ៏ប្រពៃថ្លៃថ្លានេះ គឺគ្រាន់តែជាពិធីដើម្បីលើកកំពស់ដល់មុខមាត់សម្ដេចតេជោ ហ៊ុន សែន ឬក្រុមគ្រួសារ ឬបក្ខពួករបស់សម្ដេចតែប៉ុណ្ណោះ។ ស្ថិតត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ ក៏បានថ្លែងទាត់ចោលយ៉ាងដូច្នោះថាចំពោះអ្នកដែលលើកទ្បើងទំាងនេះគឺខ្វះចំណេះដឹងប្រពៃណី ដឹងគុណបុព្វបុរសដ៏ល្អផូរផង់របស់ខ្មែរយើងដែលមានតំាងពីបុរាណរៀងមក ពិសេសពុំឈរលើផលប្រយោជន៍ជាតិនោះទេ។ ពីព្រោះថាមនុស្សម្នាក់ៗស្លាប់ ប៉ុន្ដែអ្វីជាស្នាដៃបន្សល់ទុក ឲ្យជាតិគឺពុំស្លាប់នោះទេ។
បើដូច្នេះចំពោះអ្វីដែលយើងឃើញសម្ដេចតេជោ ហ៊ុន សែន បានរៀបចំកិច្ចពិធីដឹងគុណបុព្វការីជននេះ គឺពិតជាមានគុណតម្លៃថ្លៃថ្លាណាស់សម្រាប់សង្គមខ្មែរយើងទំាងអតីត បច្ចុប្បន្ន អនាគត។ បើដូចនេះបើខ្មែរដឹងគុណបុព្វការីជន គឺខ្មែរខ្លំាង! ដូចសម័យអង្គរម្ដងទៀតជាពុំខាន៕