(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យរដ្ឋបាលខណ្ឌដូនពេញ ទទួលខុសត្រូវលើការងារទទួលផ្ញើយានជំនិះគ្រប់ប្រភេទ គឺមិនត្រូវយកថវិកា ពីបងប្អូនប្រជាពលរដ្ឋ ដែលបានមកកំសាន្ត និងឆ្លងឆ្នាំសាកល ព្រមទាំងទស្សនាវិមានឈ្នះឈ្នះ នៅក្នុងបរិវេណវិមានឈ្នះឈ្នះនោះទេ។ នេះជាការបញ្ជាក់របស់មន្រ្តីសាលាខណ្ឌដូនពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ។
រដ្ឋបាលខណ្ឌដូនពេញ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកលេងកំសាន្ត និងចូលរួមឆ្លងឆ្នាំសាកល រាប់ថយក្រោយទាំងអស់គ្នា ឲ្យបានច្រើនកុះករ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះដោយភាពសប្បាយរីករាយ។
សូមបញ្ជាក់ថា វិមានឈ្នះ-ឈ្នះ ត្រូវបានសាងសង់លើទឹកដី៨ហិកតា ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គណៈកម្មការសាងសង់ បានចាប់ផ្តើមដំណើរការសាងសង់វិមាននេះ ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បើគិតរហូតមកដល់ពេលនេះ មានរយៈពេល១,០៣៩ថ្ងៃ ឬ៣៤ខែ។
ការសម្ពោធវិមានឈ្នះឈ្នះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបជាង១ម៉ឺននាក់៕