(សៀមរាប)៖ ក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ រាត្រីសប្បុរសធម៌ ដើម្បីមន្ទីរពេទ្យកុមារអង្គរ បានថវិកាជាង៣ដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់មូលនិធិ នៃមន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children/ AHC) ខេត្តសៀមរាប ដែលជាមន្ទីរពេទ្យមានបេសកកម្ម សម្រាប់លើកកម្ពស់ការថែទាំសុខភាព ដល់កុមារកម្ពុជាគ្រប់រូប ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។
ព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់ក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប ដែលមានឈ្មោះថា «រាត្រីសប្បុរសធម៌ ដើម្បីមន្ទីរពេទ្យកុមារអង្គរ» ដើម្បីរៃអង្គាសថវិកា ជួយទ្រទ្រង់សេវាថែទាំសុខភាពកុមារ បានរៀបចំនារាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារ Memoire Palace Resort & Spa ដោយមានការចូលរួម ពីសំណាក់សប្បុរសជនជាតិ-អន្តរជាតិ ដែលជាប្រតិបត្តិករទេសចរណ៍ អាជីវករ ពាណិជ្ជករ អាជ្ញាធរ មន្រ្តីរាជការ និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។
លោក ហ្វីលីប កៅ ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ៣ឆ្នាំកន្លងមក នៃការបង្កើតឡើងក្លឹប គឺដើម្បីជួបជុំគ្នាជាប្រចាំខែ ស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមនានា ក្នុងអាជីពជាអ្នកបម្រើសេវាកម្មទេសចរណ៍ សំដៅទៅរកការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព។ ហើយនេះក៏ជាឆន្ទៈ ក្នុងការធ្វើឲ្យរស់រវើក នៃវប្បធម៌ចែករំលែក សម្រាប់សកម្មភាពសង្គម និងចលនាសប្បុរសធម៌ ដែលសំដៅលើកកម្ពស់សុខភាពកុមារកម្ពុជា។
លោកបានបង្ហាញនូវការកត់សំគាល់ថា សម្រាប់ឆ្នាំ២០១៨នេះ ក្លឹបប្រតិបត្តិករទេសចរណ៍សៀមរាប នារាត្រីសប្បុរសធម៌ ទទួលបានថវិកាសប្បុរសសរុបជាង៣ម៉ឺនដុល្លារអាមេរិក ខណៈដែលឆ្នាំ២០១៧កន្លងទៅ ក្លឹបបានរៀបចំព្រឹត្តិការណ៍ដូចគ្នា សម្រាប់រួមចំណែកជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានថវិកាត្រឹមតែជាងមួយម៉ឺនដុល្លារប៉ុណ្ណោះ។ លោកថា ជោគជ័យឆ្នាំនេះ គឺដោយមានការចូលរួមសហការ ពីសំណាក់បណ្តាក្រុមហ៊ុន ភោជនីយដ្ឋាន និងសណ្ឋាគារធំៗមួយចំនួនផងដែរ ជាពិសេគឺការគាំទ្រ ពីអាជ្ញាធរខេត្តសៀមរាប។
ថវិកាដែលប្រមូលបាន ត្រូវប្រគល់ជូនមន្ទីរពេទ្យទាំងអស់ ដើម្បីទុកជាប្រយោជន៍ក្នុងការជួយសង្គ្រោះសុខភាព និងជីវិតរបស់កុមារកម្ពុជា ដូចដែលពាក្យស្លោករបស់លោក ឃីនរ៉ូ អ៊ីស៊ុ (Kenro Izu) អ្នកថតរូបជនជាតិជប៉ុន ជាស្ថានិកមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងកាលពី ១៩ឆ្នាំមុនថា «សប្បុរសជនម្នាក់ គឺជាវេជ្ជបណ្ឌិតមួយរូប» ដោយគ្រានោះ លោកបានមើលឃើញនូវការលំបាក របស់កុមារកម្ពុជា ដែលជួបនូវជំងឺឈឺស្កាត់ផ្សេងៗ និងការខ្វះនូវអាហាររូបត្ថម។ នេះបើតាមលោក ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ ខេត្តសៀមរាប បានបញ្ជាក់បន្ថែម។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានកោតសរសើរ និងផ្ដល់ការគាំទ្រ ចំពោះគំនិតផ្ដួចផ្ដើមក្នុងការរៀបចំព្រឹត្តិការណ៍ រាត្រីសប្បុរសធម៌ ដើម្បីមន្ទីរពេទ្យកុមារអង្គរ របស់ក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប រៃអង្គាសថវិកាជួយទ្រទ្រង់មូលនិធិ នៃមន្ទីរពេទ្យកុមារអង្គរ។
សូមជំរាបថា ក្នុងកម្មវិធីនេះ ក៏មានការដេញថ្លៃសេវាស្នាក់នៅ សូណា ស្ប៉ា ហាត់កីឡាក្នុងសណ្ឋាគារ ការដេញថ្លៃរូបគំនូរ និងវត្ថុមានតម្លៃផ្សេងៗ គឺជាកម្មវិធីពិសេស សម្រាប់ប្រមូលមូលនិធិសប្បុរសផងដែ។ ក្រៅពីការចូលរួមថវិកា សប្បុរសតាមការស្ម័គ្រចិត្តនោះ លោកស្រី កនិកា ដែលជាម្ចាស់ដេញថ្លៃក្រវិលមាស ១គូ តម្លៃ ១,១០០ដុល្លារអាមេរិក, លោកឧត្តមសេនីយ៍ទោ ខេង រ៉ា ប្រចាំការនៅបញ្ជាការដ្ឋាន នគរបាលជាតិប្រចាំភូមិភាគ៤, និងគ្រួសារ រួមនិងសប្បុរសជនមួយចំនួនទៀត ក៏បានចូលរួមដេញថ្លៃ សម្រាប់ប្រមូលមូលនិធិ ជួយទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ផងដែរ៕