(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ វិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ បានឲ្យដឹងថា វិមានឈ្នះ-ឈ្នះ ប្រើប្រាស់បេតុងជាង១៥,០០០ម៉ែត្រគូប, ដែកជាង៣,០០០តោន, ស៊ីម៉ង់ត៍ជាង១,៨០០តោន និងថ្មម៉ាបក្រាលជាង ២៩,០០០ម៉ែត្រការ៉េ។
ការឲ្យដឹងពីឧបករណ៍ និងសម្ភារប្រើប្រាស់សំខាន់ៗមួយចំនួន ក្នុងការសាងសង់វិមាននេះ ពីសម្តេចឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃសៅរ៍ទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងពិធីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពិធីសម្ពោធវិមានដែលជានិមិត្តរូប នៃការបង្រួបបង្រួមជាតិ ពន្លត់នូវភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាពនេះ ក៏ដូចជា ការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹក ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋ រាប់ពាន់នាក់ផងដែរ។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា «វិមានឈ្នះ-ឈ្នះ បានសាងសង់តាមលក្ខណៈបច្ចេកទេស ប្លង់ស្ថាបត្យកម្ម រៀបចំឡើងតាមការសិក្សារចនាបថខ្មែរ រួមជាមួយសម័យទំនើប មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែង ១១៧ម៉ែត្រ និងកម្ពស់ ៥៤ម៉ែត្រ។ សំណង់នេះ បានប្រើប្រាស់គ្រឹះប្រវែង៤៥ម៉ែត្រ ចំនួន៦២៥ចំណុច បើយើងលាតសន្ធឹងត្រង់ ស្មើនឹងជាង២១គីឡូម៉ែត្រ ដែលបានសង្កត់ចូលទៅក្នុងដី។ ប្រើប្រាស់បេតុងជាង ១៥,០០០ម៉ែត្រគូប, ដែកគ្រប់ប្រភេទជាង ៣,០០០តោន, ស៉ីម៉ង់ត៍ជាង ១,៨០០តោន, ថ្មម៉ាបក្រាលជាង ២៩,០០០ម៉ែត្រការ៉េ ព្រមទាំងឧបករណ៍ប្រើប្រាស់ មួយចំនួនទៀត»។
«រួមជាមួយគ្រោងវិមានឈ្នះ-ឈ្នះ គណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានកសាងអាងទឹកចំនួន៨ អាងនីមួយៗមានទំហំ៨ម៉ែត្រ គុណនឹង៣៥ម៉ែត្រ អាចផ្ទុកទឹកបានចំណុះ២៨០ម៉ែត្រគូប, រចនារូបយក្សទាញព្រ័ត្រ, តោ, នាគ, ដំរីក្បាលបីមានស្លាប គ្រុឌ និងហង្សក្បាលបី, ក្លោងទ្វារចូលសារមន្ទីរ, ផ្ទាំងសិលា និងរូបចម្លាក់តាមអាងទឹកទំហំ ៥៥០ម៉ែត្រការ៉េ ជាការបង្ហាញសច្ចភាព ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតនៅកម្ពុជា ភាពក្សេមក្សាន្តរុងរឿង នៃសម័យតេជោសែន»។ នេះបើតាមការបញ្ជាក់បន្ថែម ពីសម្តេចពិជ័យសេនា ទៀត បាញ់។
សម្តេចរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានបញ្ជាក់ទៀតថា នៅក្នុងដំណើរការសាងសង់វិមានឈ្នះ-ឈ្នះ ជាក់ស្តែង គណៈកម្មការសាងសង់ បានប្រើប្រាស់កម្មករសរុបចំនួន១៨០នាក់ ដោយចែកចេញជា២ផ្នែកគឺ៖ ផ្នែកទី១. កម្មករសាងសង់ចំនួន១៥០នាក់ (វិស្វករ៤រូប ស្ថាបត្យករ២រូប មេការ៤រូប និងកម្មករ១៤០រូប) និងផ្នែកទី២. ក្រុមការងារចម្លាក់មេកា និងកម្មករសរុបចំនួន ៣០នាក់ផងដែរ។
សូមជំរាបថា វិមានឈ្នះ-ឈ្នះ ត្រូវបានសាងសង់លើទឹកដី៨ហិកតា ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គណៈកម្មការសាងសង់ បានចាប់ផ្តើមដំណើរការសាងសង់វិមាននេះ ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បើគិតរហូតមកដល់ពេលនេះ មានរយៈពេល១,០៣៩ថ្ងៃ ឬ៣៤ខែ៕