(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការ ឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ដែលឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន ២០កញ្ចប់តូច-ធំ, ថង់ច្រកគ្រឿងញៀនមួយចំនួន និងពូថៅចំនួន១ផងដែរ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ៣៖៣០នាទីរសៀល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុខ ដារ៉ា ហៅរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន)។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន ២០កញ្ចប់តូច-ធំ, ថង់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងពូថៅចំនួន១ផងដែរ។

ក្រោយបញ្ចប់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានបញ្ជូនខ្លួនជនសង្ស័យ រួមជាមួយនឹងវត្ថុតាង យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕