(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ដែលបង្ហោះនៅលើ Facebook របស់លោកដោយបានចោទប្រកាន់ថា មានការសរសេរខុសនូវពាក្យ «កីឡដ្ឋាន» បានធ្វើឲ្យផ្ទុះការរិះគន់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះផងដែរ។
ក្រៅពីអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដែលរិះគន់ហើយនោះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ ក៏បានចេញមកបញ្ជាក់ និងពន្យល់ផងដែរថា ពាក្យ «កីឡដ្ឋាន» គឺសរសេរត្រឹមត្រូវហើយ ហើយពាក្យដែលខុស «កីឡាដ្ឋាន» ដូច្នេះហើយប្រសិនបើលោក ជុន ច័ន្ទបុត្រ ដែលជាថ្នាក់ដឹកនាំវិទ្យុយអាស៊ីសេរី មិនច្បាស់នោះទេ អាចទៅបើកវចនានុក្រមមើលបាន។
តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ អ្នកជំនាញអារ្យធម៌ខ្មែររូបនេះ បានថ្លែងយ៉ាងដូច្នេះថា «អំពីពាក្យ [កីឡដ្ឋាន] ជាពាក្យធ្វើសន្ធិដែលជាពាក្យ២ ចងបញ្ចូលគ្នាជាពាក្យតែមួយ គឺ [កីទ្បា+ដ្ឋាន] ដល់ធ្វើសន្ធិ គឺបាត់ «ា» ទៅជា «កីឡដ្ឋាន»។ បើនិយាយចំពោះការអានវិញ គឺអាចអានថា កីទ្បាដ្ឋានបាន ប៉ុន្ដែបើសរសេរគឺ «កីឡដ្ឋាន» ទើបជាការត្រឹមត្រូវ»។
យ៉ាងណាក៏ដោយ ការបង្ហោះរូបភាពវិមានឈ្នះឈ្នះ ហើយមានភ្ជាប់ជាមួយការគូសរង្វង់នៅចំណុច «ទល់មុខពហុកីឡដ្ឋានមរតកតេជោ» ដែលលោក ជុន ច័ន្ទបុត្រ ចង់សម្ដៅថា មានការសរសេរ ខុសនោះ ស្រាប់តែមានការរិះគន់ជាបន្ដបន្ទាប់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយលើកឡើងថា មិនគួរណាបុគ្គលិក ដែលជាអ្នកសារព័ត៌មានមានចំណេះដឹងខ្ពស់ រហូតមានតួនាទីជាថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី ប៉ុន្ដែបែរជាមិនស្គាល់ពាក្យនេះទៅវិញ។
ការបង្ហោះរូបភាពបែបនេះ ក៏បណ្ដាលឲ្យមានមហាជនមួយចំនួន មានការភ័ន្ដច្រឡំទៅជាមួយនឹងបុគ្គល ជុន ច័ន្ទបុត្រ នេះផងដែរ ទើបបានជាលោក រ័ត្ន សណ្ដាប់ តាមរយៈបណ្ដាញព័ត៌មាន Fresh News ចេញមកបកស្រាយភ្លាមៗ ដើម្បីកុំឲ្យមហាជនបន្ដភ័ន្ដច្រឡំយ៉ាងដូច្នេះ។
ទន្ទឹងនឹងនេះ តាមរយៈការបង្ហោះរូបភាពបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មួយចំនួនក៏វាយតម្លៃថា គ្រាន់តែពាក្យបន្ដិចបន្ដួចសោះ តែបែរជា លោក ជុន ច័ន្ទបុត្រ មិនដឹងទៅវិញ ហើយទាញអ្នកដទៃឲ្យមិនដឹងតាមខ្លួន ដែលបង្ហាញពីភាពកំខ្សោយរបស់បុគ្គលរូបនេះ៕