(ភ្នំពេញ)៖ ពិធីអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិ និងសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានធ្វើឡើងយ៉ាងមហោឡារឹកនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត រដ្ឋទូត និងបណ្តាមន្ត្រីជាន់ខ្ពស់នៃប្រទេសជាមិត្ត ហើយក៏មានការអញ្ជើញចូលរួមផងដែរ ពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់។
ពីលើវេទិកានៅចំពោះមុខមហាជនដ៏ច្រើនកុះករសម្តេចតេជោស្ថាបនិកនៃសន្តិភាព និងនយោបាយឈ្នះឈ្នះ បានបង្ហាញទឹកចិត្តរំភើបរីករាយខ្លាំងចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ សម្តេចតេជោ ហ៊ុន សែន បានចំណាយពេលជាង ២ម៉ោង ដើម្បីរៀបរាប់ពីដំណើរការនៃការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ រហូតទទួលបានជោគជ័យត្រចះត្រចង់ឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិ និងសុខសន្តិភាពរយៈពេលប្រមាណ ២០ឆ្នាំមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ បាននាំមកនូវផលប្រយោជន៍សំខាន់ៗចំនួន៧រួមមាន៖
១) បានបញ្ចាប់សង្គ្រាមប្រដាប់អាវុធទាំងស្រុងលែងមានតទៅទៀតហើយនៅក្នុងប្រទេសកម្ពុជា។
២) ការបញ្ចប់សង្គ្រាមនៅតំបន់គ្រប់គ្រងដោយអតីតខ្មែរក្រហមចាប់ពីដើមឆ្នាំ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ គឺមិនមានការប្រើប្រាស់អាវុធ និងមិនមានមនុស្សស្លាប់ដោយគ្រាប់កាំភ្លើងដែរ។
៣) ធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ និងសន្តិភាពមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្រ និងទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ។
៤) ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់សមរភូមិប្រយុទ្ធ និងទីកន្លែងសមរភូមិក្តៅ លែងមានការព្រួយបារម្ភរឿងសង្គ្រាម និងលែងព្រួយបារម្ភរស់នៅព្រាត់ប្រាស់គ្នារវាងប្តី ប្រពន្ធ និងកូនទៀតហើយ។
៥) ធ្វើឲ្យកម្ពុជាឈានពីប្រទេសក្រីក្រ ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងឆ្ពោះទៅកាន់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
៦) ធ្វើឲ្យប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តាមរយៈវេទិកាសំខាន់ៗជាច្រើនដូចជា អាស៊ាន, ACMECS, CLMV និង CLV ជាដើម។
៧) ពាណិជ្ជករ និងអ្នកវិនិយោគជាច្រើនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ជាពិសេសចំនួនភ្ញៀវទេសចរ គឺកើនឡើងជារៀងរាល់ឆ្នាំ៕