(ភ្នំពេញ)៖ ដើម្បីគាំទ្រដល់ការលូតលាស់ផ្នែក អាជីវកម្មរបស់ក្រុមហ៊ុន និងការផ្លាស់ប្ដូរផ្នែកឌីជីថលឲ្យកាន់តែមាន ភាពងាយស្រួលក្រុមហ៊ុន NTT Communications (NTT Com) បានសហការរួមគ្នាជាមួយក្រុមហ៊ុន VMware រៀបចំកិច្ចប្រជុំតុមូលមួយរួមគ្នាពិភាក្សា អំពីការពន្លឿនការផ្លាស់ប្ដូរប្រព័ន្ធឌីជីថល ដល់សហគ្រាសនៅកម្ពុជា ដោយគ្រោងចែកចាយដំណោះស្រាយ Hybrid Cloud លំដាប់ពិភពលោក។
លោក Masato Tsuboi អនុប្រធានប្រតិបត្តិ NTT Com ប្រចាំប្រទេសថៃឲ្យដឹងថា «សហគ្រាសចាំបាច់ត្រូវធ្វើ ទំនើបកម្មលើប្រព័ន្ធ ICT របស់ខ្លួន ដោយពឹងផ្អែកលើបច្ចេកវិទ្យា Hybrid Cloud ព្រមទាំងបង្កើននូវសុវត្ថិភាព និងការទទួលផលលើការវិនិយោគ (ROI) ជាអតិបរមា ដើម្បីបំពេញតម្រូវការអាជីវកម្ម ប្រកបដោយភាពសមស្រប និងរហ័សរហួន»។
លោកបន្ថែមថា «ក្រុមហ៊ុននឹងខិតខំធ្វើយ៉ាងណា ឱ្យសហគ្រាសនានា ទទួលយកបណ្តាញបច្ចេកវិទ្យាចុងក្រោយ ដែលសហការយ៉ាងរលូនជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានស្រាប់ ដោយពុំមានការផ្លាស់ប្តូរ ដល់ផ្នែកប្រតិបត្តការ និងគ្រប់គ្រងឡើយ ហើយ NTT Com បានរួមគ្នាជាមួយក្រុមហ៊ុន VMware ពិតជាអាចជួយសម្រួលដល់ដំណើរការប្រើប្រាស់ Hybrid Cloud របស់អតិថិជនបាន»។
លោក Daniel Choo អ្នកគ្រប់គ្រង VMware ឲ្យដឹងថា «សហគ្រាសចាំបាច់ត្រូវផ្លាស់ប្តូរខ្លួនដោយធ្វើទំនើបកម្ម លើបច្ចេកវិទ្យាព័ត៌មានដែលនឹងជួយសម្រួល ឱ្យពួកគាត់កែលម្អភាពបត់បែន និងបង្កើនភាពរហ័សរហួស ហើយអាចធ្វើឱ្យអាជីវកម្ម របស់ពួកគាត់កាន់តែលូតលាស់ផងដែរ»។
លោកបន្តថា តាមរយៈកិច្ចប្រជុំតុមូលនេះ NTT និង VMware គ្រោងចែកចាយដំណោះស្រាយ Hybrid Cloud លំដាប់ពិភពលោក ហើយសហការគាំទ្រដល់អាជីវកម្មនៅកម្ពុជា ក្នុងដំណើរផ្លាស់ប្តូផ្នែកឌីជីថលរបស់ខ្លួន។
ក្នុងវគ្គកិច្ចប្រជុំតុមូលនេះ NTT Com បានពិភាក្សាពីវិធីសាស្រ្ត Hybrid Cloud, ស្ថាបត្យកម្ម Cross-Cloud និងការធ្វើរប្រតិបត្តការអំពី Public និង Private Cloud។
លោកបន្ថែមថា ក្រុមហ៊ុនផ្សេងៗក៏បានពិភាក្សាពីវិធីរៀងៗខ្លួន ដែលអាចជួយសហគ្រាសក្នុងការផ្លាសប្តូរ និងពង្រីកផ្នែកឌីជីថលលើអាជីវកម្មរបស់ខ្លួន ហើយនៅថ្ងៃមុខ NTT Com គ្រោងរៀបចំកិច្ចប្រជុំតុមូលផ្សេងៗទៀត ដើម្បីចូលរួមការផ្លាស់ប្រែផ្នែកឌីជីថលនៅកម្ពុជា។
សូមជម្រាបថា NTT Communications មានការិយាល័យនៅក្នុងរាជធានីភ្នំពេញ បើកសម្ភោធក្នុងឆ្នាំ២០១០ ដោយផ្គត់ផ្គង់លើសេវាកម្មអ៊ិនធឺណេតល្បឿនលឿន និងការប្រឹក្សាយោបល់ចំពោះដំណោះស្រាយ លើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ICT) ដល់អតិថិជនជាសហគ្រាសតាមវិស័យនានា រួមទាំងវិស័យហិរញ្ញវត្ថុ និងឧស្សាហកម្មផលិតផងដែរ៕