(កំពង់ស្ពឺ)៖ អាជីវករលក់រថយន្តនៅទីរួមខេត្តកំពង់ស្ពឺម្នាក់ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ ក្រោយពីជននេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ បើកដេញបុក និងប៉ងសម្លាប់មន្រ្តីអាវុធហត្ថ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ ម្តុំចន្លោះគីឡូម៉ែត្រលេខ៤៦-៤៧ ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ។
បើយោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ ដែលបានចុះពិនិត្យគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នេះ បានបង្ហាញថា ជនបង្កបើករថយន្ដម៉ាក Land Cruiser ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2C-6259។ អ្នកបើកបរឈ្មោះ សុង ប៊ុនស៊ី អាយុ៣៦ឆ្នាំ រស់នៅភូមិតាំងទន្លេរ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរជាអាជីវករលក់រថយន្ត Tico។
មុនពេលកើតហេតុ រថយន្ដបើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានទៅបុកម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ស្លាកលេខកំពង់ស្ពឺ 1J-4497 បើកបរដោយជនរងគ្រោះឈ្មោះ អៀន ផាន់ដា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្នាក់នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយជនបង្កបុកអូសជាង៥០ម៉ែត្រ រហូតទៅមុខមិនរួចទើបឈប់។
ក្រោយគ្រោះថ្នាក់ចរាចរណ៍ ម្ចាស់រថយន្តបានចោទប្រកាន់ទៅលើម្ចាស់ម៉ូតូថា បើកបរគ្មានគោរពច្បាប់ព្រោះផ្លូវជាតិ គេបើកបរក្នុងល្បឿនលឿន តែម៉ូតូនេះបើកយឺតពេក ទើបបណ្ដាលឲ្យរថយន្តបុកពីក្រោយ ថែមទាំងប្រើអាកប្បកិរិយាច្រងែងច្រងាង មិនព្រមឲ្យជំនាញនគរបាលផ្នែកចរាចរណ៍ ធ្វើការវាស់វែង និងយករថយន្ដទៅកន្លែងនោះទេ ដោយស្ថានភាពបុគ្គលជាម្ចាស់រថយន្ដបង្ក មានការរឹងទទឹង ទើបនគរបាលជំនាញស្នើសុំ ការអន្ដរាគមន៍ពីកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដ ធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដ ចាត់ការតាមនីតិវិធី។
មន្រ្ដីនគរបាលជំនាញចរាចរណ៍ម្នាក់ បានឲ្យដឹងថា ករណីខាងលើនេះ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងបន្ថែម មកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ចោទប្រកាន់ពីបទ «មនុស្សឃាតដោយចេតនា» ដោយសំអាងថា ជនរងគ្រោះកន្លងមកធ្លាប់បានអនុវត្ដដីកា បញ្ជាឲ្យចូលខ្លួនឈ្មោះ សុង ប៊ុនស៊ី កាលពីថៃ្ងទី៧ ខែមករា ឆ្នាំ២០១៨ ពេលនោះជនសង្ស័យ បានប្រើពាក្យសម្ដីជេរប្រមាថដល់សមត្ថកិច្ចថា មិនអីទេពួកហ្អែង ថៃ្ងណាមួយដឹងខ្លួនមិនខានទេ «ជុងមិនភ្លេចកុក» ដោយបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ជាច្រើនលើកច្រើនសារ ក្នុងរឿងគំនុំសុទ្ធសាទ។
សមត្ថកិច្ច បានរកឃើញថា ជនបង្កពិតជាមានចេតនាក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលឈ្មោះ សុង ប៊ុនស៊ី ហៅញាញ់ បានបើករថយន្ដ Land Cruiser ដេញបុកប៉ុនប៉ងធ្វើឃាត មន្រ្ដីកងរាជអាវុធហត្ថខេត្ដកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ កន្លងមកថ្មីៗនេះ។ ក្រោយបញ្ចប់ការសួរនាំ ត្រូវបានលោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដកំពង់ស្ពឺ សម្រេចដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ប៉ុនប៉ងឃាតកម្ម» តាមបញ្ញាតិ មាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា និងបង្គាប់ឲ្យឃុំខ្លួនជននេះ ជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្ដកំពង់ស្ពឺ៕