(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីធ្វើឲ្យប្រទេសកម្ពុជា សម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺទាមទាររក្សាឲ្យបាននូវសុខសន្តិភាព និងប្រទេសមួយមានតំបន់ត្រួតត្រាតែមួយ។

សម្តេចតេជោប្រមុខដឹកនាំកំពូលកម្ពុជា បានថ្លែងបែបនេះ នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេច។

បើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី, ក្រោយបញ្ចប់សង្គ្រាមទាំងស្រុង កាលពី២០ឆ្នាំមុន ប្រជាពលរដ្ឋកម្ពុជា មានចំណូលតិចតួចប៉ុណ្ណោះ (២០០ដុល្លារក្នុងមួយឆ្នាំ) តែសម្រាប់២០ឆ្នាំក្រោយនេះប្រជាពលរដ្ឋកម្ពុជា ទទួលបានចំណូលប្រចាំឆ្នាំជាង ១,៤០០ដុល្លារអាមេរិកឯណោះ ហើយដើម្បីឲ្យកម្ពុជា សម្រេចគោលដៅក្លាយជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០ លុះត្រាតែប្រទេសនេះ រក្សាឲ្យបាននូវសន្តិភាព និងជាប្រទេសមួយមានតំបន់ត្រួតត្រាតែមួយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ១៩៩៨ ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជានៅពេលនោះ មានប្រហែលជាក្រោម ២០០ដុល្លារអាមេរិកបន្តិច តែ២០ឆ្នាំក្រោយប្រជាជនកម្ពុជាម្នាក់ៗ មានប្រាក់ចំណូលរហូតដល់ ១,៦០៧ដុល្លារក្នុងម្នាក់ៗ។ នេះគឺជាជោគជ័យធំសម្បើម សម្រាប់ប្រជាជនកម្ពុជា យើងមានមហិច្ឆតារុញប្រទេសរបស់យើង ឲ្យក្លាយជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នឹងទៅជាប្រទេសដែលមាន ប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០»។

សម្តេចមានប្រសាសន៍បន្តថា «ពិតមែនតែខ្ញុំ ពុំអាចមានសង្ឃឹមថា អាចរស់នៅរហូតទៅដល់ឆ្នាំ២០៥០ ឬអាចរស់នៅដែរ តែវាចាស់ជ្រុលពេក ក៏ប៉ុន្តែខ្ញុំនៅតែដាក់ចេញនូវចក្ខុវិស័យនោះ ជាមួយសហការីរបស់ខ្ញុំ ដើម្បីធ្វើជាផែនទីចង្អុលផ្លូវ សម្រាប់ប្រទេសឈានឡើង តែសុំផ្តាំផ្ញើទុកឲ្យហើយថា ដើម្បីសម្រេចមហិច្ឆតានាំប្រទេស ទៅកាន់ប្រទេសមានប្រាក់ចំណូលខ្ពស់ គឺទាមទារឲ្យមានសន្តិភាពដាច់ខាត ត្រូវធ្វើឲ្យប្រទេសតែមួយ តំបន់ត្រួតត្រាមួយដូចសព្វថ្ងៃ ទើបអាចទៅរួច»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយរបបខ្មែរក្រហមដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាក្លាយជាប្រទេសមួយ ដែលមានតំបន់ត្រួតត្រា៤ជាថ្មី រួមមានកម្លាំងខ្មែរក្រហម, កម្លាំងរាជានិយមដឹកនាំដោយសម្តេច នរោត្តម សីហនុ, កម្លាំងរបស់លោកតា សឺន សាន្ត និងរបបក្រុងភ្នំពេញ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លុះក្រោយឆ្នាំ១៩៩៣ កម្ពុជាបានក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាពីរ គឺតំបន់មួយដឹកនាំដោយរាជរដ្ឋាភិបាល និងតំបន់មួយទៀត ដឹកនាំដោយខ្មែរក្រហម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយឆ្នាំ១៩៩៨ កម្ពុជាបានក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ។ ក្នុងស្ថានភាពប្រទេសកម្ពុជា មានតំបន់ត្រួតត្រាតែមួយនេះ ធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងរីកចម្រើនឥតឈប់ឈរ ហេតុនេះ សម្តេចសុំឲ្យស្ថានភាពបែបនេះ ស្ថិតនៅជាអមតៈសម្រាប់សង្គមកម្ពុជា ដ៏កម្សត់មួយនេះផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ពីទឹកដីប្រទេសមួយដែលធ្លាប់ មានតំបន់ត្រួតត្រាច្រើន យ៉ាងតិចមានពីរក្នុងពេលតែមួយ ​ទៅជាប្រទេសមួយដែលមានតំប់ត្រួតត្រាតែមួយ ដែលសុំឲ្យរឿងនេះ បន្តកើតមានជារៀងរហូតនៅលើទឹកដី ដ៏អភ័ព្វរបស់យើង»