(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនមែនជាបុគ្គលនិយម និងមិនមែនជាអទិទេពនោះទេ។ ប៉ុន្តែសម្តេច និងភរិយា បានផ្សារភ្ជាប់ក្នុងព្រឹត្តិការណ៍ស្របពេលប្រទេសជាតិមានកលយុគច្រើន។
ការមានប្រសាសន៍លើកឡើងរបស់សម្តេចតេជោ ហ៊ុនសែន បានធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងដែលឱកាសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមិនមែនឱ្យចាត់ទុកខ្ញុំជាអទិទេពអ្វីនោះទេ ប៉ុន្តែអ្វីដែលសំខាន់តួអង្គពាក់ព័ន្ធ នៅក្នុងរឿងនេះ គឺមានខ្លួនខ្ញុំនៅទីនោះច្រើន ខ្ញុំមិនមែនជាមនុស្សបុគ្គលនិយមទេ ក៏ប៉ុន្តែខ្លួនខ្ញុំ និងភរិយាបានផ្សារភ្ជាប់ជាមួយនឹងទឹកដីនេះ តាំងពីភាពកម្សត់កម្រ»។
នាយករដ្ឋមន្ត្រីដែលនាំមកនូវសុខសន្តិភាពជូនមាតុភូមិកម្ពុជារូបនេះ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះផងដែរ ហើយសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញមករាំលេងកម្សាន្តតាមសប្បាយទាំងអស់គ្នា នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញយើងនេះផងដែរ៕