(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់អាមេរិកកុំសាងកំហុសជាថ្មីទៀត ដែលនាំដល់ការបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រកបដោយ ភាពសុខដុមក្រោមម្លប់សុខសន្តិភាពនាពេលបច្ចុប្បន្ននេះ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា អាមេរិកបានសាងកំហុសចំនួនពីរលើកមកហើយ ដែលកំហុសពីរលើកនោះបានបំផ្លាញជាតិកម្ពុជា និងនាំមកនូវក្តីវេទនាយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងសុន្ទរកថា អបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម និងសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងអន្លង់ភ្លើងសង្គ្រាមដ៏វេទនារយៈពេលជិត ៣ទសវត្សរ៍ក៏ដោយសារតែការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមសេនាប្រមុខ លន់ នល់ ស៊ីសុវត្ថិ សិរីមតៈ អ៉ិន តាំ និង ចេង អេង ជាដើមដោយមានសហអារដ្ឋអាមេរិកជាបង្អែក។
បើតាមសម្តេចតេជោ ហ៊ុន សែន ការដែលអាមេរិកធ្វើជាបង្អែកនាំឲ្យមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នេះ គឺជាកំហុសទី១របស់សហរដ្ឋអាមេរិក ហើយអាមេរិក បានសាងកំហុសមួយទៀត គឺគាំទ្ររបបខ្មែរក្រហម ដែលជារបបបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងកាប់សម្លាប់យ៉ាងរង្គាល។ តែអាមេរិកបែជាទទួលស្គាល់អាសនៈ របស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ដោយធ្វើមិនឃើញពីការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងឃោរឃៅពីរបបមួយនេះ។
ក្នុងឱកាសអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទម្រាំកម្ពុជាអាចរកបាននូវពន្លឺសុខសន្តិភាព និងបិទបញ្ចប់ភ្លើងសង្គ្រាម គឺបានឆ្លងកាត់នូវដំណាក់កាលតស៊ូ ប្រយុទ្ធ និងមានការលះបង់ជីវិតមនុស្សយ៉ាងច្រើន។ ជាពិសេសសម្តេចផ្ទាល់ បានយកជីវិតផ្សងនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាងទាំងក្នុងដំណាក់កាលតស៊ូ និងចរចា ដើម្បីប្តូរយកមកនូវសុខសន្តិភាពដូចពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សុខសន្តិភាពមួយនេះមានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា។ សុខសន្តិភាពនេះ បានធ្វើឲ្យសង្គមកម្ពុជាមានការអភិវឌ្ឍពីប្រទេសគ្មានការផ្លាស់ប្តូរ ពាណិជ្ជកម្មមកជាប្រទេសមានទំហំពាណិជ្ជកម្មប្រមាណ ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន ដែលក្នុងនោះការនាំចេញរបស់កម្ពុជាមានរហូតដល់ ១២ពាន់លានដុល្លារអាមេរិក។ ពីប្រទេសគ្មានអ្នកទេសចរ មកជាប្រទេសមានអ្នកទេសចរជិត ៦លាននាក់ក្នុងមួយឆ្នាំ។ ប្រជាពលរដ្ឋកម្ពុជា បានប្រែក្លាយពីប្រជាជនគ្មានចំណូលប្រចាំឆ្នាំ មកជាប្រជាជនមានចំណូលប្រមាណជាង ១ពាន់ ៤រយដុល្លារក្នុងមួយឆ្នាំ។
សម្តេចតេជោស្ថានិកនយោបាយឈ្នះ-ឈ្នះ និងជាស្ថាបនិករកសុខសន្តិភាពឲ្យកម្ពុជា សង្ឃឹមថា អាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ នឹងមិនសាងកំហុសជាលើកទី៣ បំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមលេសពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «សូមអ្នកទាំងឡាយកុំបង្កការរំខាន កុំបង្កសង្គ្រាមរាំងជល់ តាមល្បិចកលរបស់ដែលហៅថា លទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ដែលទីចុងបំផុត សូម្បីតែប្រទេសប្រជាធិបតេយ្យក៏ធ្លាប់បានកសាងកំហុស គឺគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់។ សូមឲ្យអ្នកទាំងឡាយក្តាប់ឲ្យជាប់មេរៀនពីអតីតកាល។ ប្រទេសមួយចំនួនក្តាប់ឲ្យជាប់មេរៀនពីអតីតកាល កុំកសាងកំហុសលើកទី៣។ កំហុសលើកទី១ អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែអ្នកបានគាំទ្ររដ្ឋប្រហារយោធា តើនោះជាលទ្ធិប្រជាធិបតេយ្យ ឬក៏ជាលទ្ធិយោធានិយម? ឯទី២ អ្នកធ្លាប់បានគាំទ្រ ប៉ុល ពត ដែលសម្លាប់មនុស្សដោយគ្មានបានគិតគូរអំពីសិទ្ធិមនុស្សនោះទេ។ អ្នកបានគាំទ្រពួកគេឲ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល ១២ឆ្នាំ»។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា «ដូច្នេះសង្ឃឹមថា ប្រទេសទាំងនោះ នឹងមិនធ្វើកំហុសលើកទី៣ ដែលដាក់ទណ្ឌកម្មចំពោះអ្នកដែលបានខិតខំរក្សាសន្តិភាព ខិតខំរក្សានូវសេចក្តីសុខ និងអាយុជីវិតរបស់ប្រជាជន ដើម្បីធានាដល់ការអភិវឌ្ឍនោះទេ»។
បុរសរដ្ឋដែលនាំមកនូវសុខសន្តិភាព និងបិទបញ្ចប់ទំព័រដ៏ខ្មៅងងិតរបស់កម្ពុជារូបនេះ ក៏បានទទូចឲ្យជនរួមជាតិទាំងអស់រួមគ្នារក្សានូវសុខសន្តិភាព ប្រកាន់ខ្ជាប់នូវស្មារតីនយោបាយឈ្នះ-ឈ្នះ ដើម្បីផ្តល់ឱកាសក្នុងការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើនឈានទៅសម្រេចគោលដៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕