(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិក ដែលបានខិតខំប្រឹងប្រែងធ្វើការអស់រយៈពេលពេញមួយឆ្នាំ និងដើម្បីជាការជួបជុំជាមួយដៃគួរសហការដ៏ល្អ ក្រុមហ៊ុន KALBE ដែលជាក្រុមហ៊ុនផលិតឱសថរបស់ប្រទេសឥណ្ខូនេស៊ី ប្រចាំនៅប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំកម្មវិធីជប់លៀង ជួបជុំបុគ្គលិក និងពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន KALBE និងដៃគូរសហការចំនួន៤ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដែលមានដូចជា ក្រុមហ៊ុន DKSH Cambodia, Intermedica, Co. Ltd, Alliance Pharma Cambodge នឹង YUL Diversity Cambodia។
ការជួបជុំបំណាច់ឆ្នាំ និងបន្តកិច្ចសន្យានេះ ធ្វើឡើងក្រោមអធិបតី លោក Oktavianus ប្រធានក្រុមហ៊ុន KALBE ប្រចាំនៅកម្ពុជា និងមានការចូលរួមពី លោកឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា តំណាងក្រសួងសុខាភិបាលប្រចាំប្រទេសកម្ពុជា តំណាងដៃគូរសហការទាំងអស់ និងភាគីដែលពាក់ព័ន្ធប្រចាំប្រទេសកម្ពុជា និងបុគ្គលិកនៃក្រុមហ៊ុន KALBE ចូលរួមជាច្រើនផងដែរ។
លោក Oktavianus បានថ្លែងថា ក្រុមហ៊ុន KALBE មានវត្តមាននៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៤ មកម្លេះ ហើយ KALE គឺជាក្រុមហ៊ុនផលិតឪសថដ៏ធំជាងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយមានដើមកំណើតនៅប្រទេសឥណ្ឌូនេស៊ីមានអាយុកាល ៥២ឆ្នាំ។ ក្រុមហ៊ុន KALBE ជាក្រុមហ៊ុនផលិតឱសថ ថែទាំសុខភាពពីប្រទេសឥណ្ឌូនេស៊ី ដែលមានផលិតឱសថ មួយចំនួនដូចជាថ្នាំ PROCOLD FLU, WOODS’ COUGHS YRUP, ភេសជ្ជៈប៉ូវកម្លាំង EXTRA JOSS, នំ នឹង បរបរ MILNA និងថ្នាំដែលចេញវេជ្ជបញ្ជាពីមន្ទីពេទ្យ គ្លីនិក ឱសថស្ថាន ក្នុងការចែកចាយ និងធ្វើទីផ្សារជាមួយដៃគូរថ្នាំពេទ្យ នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមិនត្រឹមតែលក់ផលិតផលតែប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់បាននូវផលិតផល ដែលមានស្តង់ដាអន្តរជាតិ និងការអភិវឌ្ឍផលិតផលយូរអង្វែងផងដែរ។
លោកបានបន្ថែមថា ផលិតផល KALBE ជាផលិតផលដែលទទួលបានការគាំទ្រច្រើនពីប្រជាជនកម្ពុជា ព្រោះផលិតផលនេះ មានតម្លៃសមរម្យ គុណភាពខ្ពស់ ដែលមានការទទួលស្គាល់ពីបណ្តាគ្រូពេទ្យ និងហ្វាម៉ាស៊ីធំៗជាច្រើនផងដែរ ហើយក៏ជាក្រុមហ៊ុនដែលផ្តល់នូវការថែទាំសុខភាព ដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងទីផ្សារដែលគ្មានគូរព្រៀប ការចែកចាយ ផ្នែកហិរញវត្ថុ និងស្រាវជ្រាវ និងការអភិវឌ្ឍន៍ KALBE គឺជាក្រុមហ៊ុន ដែលចុះបញ្ជីជាសាធារណៈដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ។
លោកបានបញ្ជាក់ថា ចំពោះការចុះកិច្ចព្រមព្រៀងបន្ដកិច្ចសន្យានេះ គឺជាការបញ្ជាក់ឡើងវិញនៅការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន KALBE ដែលជាក្រុមហ៊ុនវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងប្រទេសកម្ពុជានៅក្នុងវិស័យឱសថស្ថាន និងថែទាំសុខភាពដើម្បីបន្តអាជីវកម្មរបស់ខ្លួន ជាមួយដៃគូរសហការនាពេលបច្ចុប្បន្ន និងអនាគត ពីព្រោះតែទីផ្សារថែទាំសុខភាពកំពុងតែរីកចម្រើនខ្លាំង និងមានការផ្លាស់ប្តូរម្រូវការរបស់អតិថិជន ទៅលើផលិតផលថែទាំសុខភាព ដែលមានស្តង់ដានឹងគុណភាព។
សូមបញ្ជាក់ដែរថា ប្រភេទនៃកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ខាងលើមានដូចជា៖
*ទី១៖ ការបន្តកិច្ចសន្យាជាមួយក្រុមហ៊ុន DKSH (Cambodia).Ltd, ដែលជាតំណាងចែកចាយផលិតផល របស់ក្រុមហ៊ុន KALBE សម្រាប់ផលិតផល OTC ដែលមានផលិតផលដូចជា៖ Procold, Woods, Mixagrip Extra, Komix and Promag។
*ទី២៖ ការបន្តកិច្ចសន្យាជាមួយក្រុមហ៊ុន Intermedica, Co. Ltd ដែលជាតំណាងចែកចាយផលិតផលរបស់ក្រុមហ៊ុន KALBE សម្រាប់ផលិតផល Consumer និង Nutrition ដែលមានផលិតផលដូចជា ភេសជ្ជៈប៉ូវកម្លាំង Extra Joss នឹង Milna baby food។
*ទី៣៖ ការកែប្រែកិច្ចសន្យាជាមួយក្រុមហ៊ុន Alliance Pharma Cambodge (APC) ដែលជាតំណាងចែកចាយផលិតផលរបស់ក្រុមហ៊ុន KALBE សម្រាប់ផលិតផលថ្នាំពេទ្យ (ETH Products)។
*ទី៤៖ YUL Diversity ដែលជាដៃគូរចែកចាយថ្មីរបស់ក្រុមហ៊ុន KALBE ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខនូវផលិតផល អាហាររូបត្ថម្ភសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម Diabetasol ៕