(ភ្នំពេញ)៖ ករណីស្ដ្រីពោះធំ និងកូនក្នុងផ្ទៃស្លាប់ទាំងម្ដាយ និងកូននៅមន្ទីរសម្រាកព្យាបាល និងសម្ភព «ឡាំ ប៊ុនថន» ធ្វើឲ្យមានការរិះគន់ជាខ្លាំងនោះ និងរហូតដល់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាល ចាត់ក្រុមការងារ ចុះទៅស្រាវជ្រាវភ្លាមៗ ត្រូវបានខាងមន្ទីរពេទ្យ ចេញលិខិតបំភ្លឺជាសាធារណៈមួយ ជូនសាធារណជន នៃដំណើរដើមទង រហូតទទួលមរណភាពរបស់ស្ដ្រីពោះធំ និងកូនក្នុងផ្ទៃ។
លិខិតបំភ្លឺរបស់មន្ទីរសម្រាកព្យាបាល និងសម្ភព «ឡាំ ប៊ុនថន» ដែលផ្ញើជូនមកកាន់ការិយាល័យព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ខាងមន្ទីរពេទ្យបានលើកឡើង ពីហេតុផលថា មន្ទីរពេទ្យរបស់ខ្លួនបានយកចិត្តទុកដាក់ និងតាមដានសភាពជំងឺរបស់ស្ដ្រី យ៉េត មករា តាំងពីព្រឹករហូតដល់ម៉ោងជាង១០ មុនពេលចូលបន្ទប់វះកាត់ ដើម្បីសម្រាលកូន។
ខាងមន្ទីរពេទ្យបានបញ្ជាក់ថា នៅពេលបញ្ជូនទៅបន្ទប់វះកាត់ ស្រាប់តែអ្នកជំងឺមានបញ្ហាប្រែប្រួលភា្លមៗ ដោយចង្វាក់បេះដូងឡើងរហូតដល់១៤០ដង ក្នុងមួយនាទី រីឯសម្ពាធឈាមចាប់ផ្ដើមចុះដល់ ៨០/៥០mmHg និងកំហាប់អុកស៊ីសែនចុះមក ៧២ភាគរយ ដែលពេលនោះខាងក្រុមគ្រូពេទ្យរបស់ខ្លួន បានខិតខំជួយសង្គ្រោះ រហូតដល់ម៉ោង១០៖៣០នាទី ក៏សម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដោយមានគ្រូពេទ្យសង្គ្រោះបន្ទាន់ ឆ្មប និងគិលានុដ្ឋាក២នាក់ បន្ថែមទៀត ទៅជាមួយអ្នកជំងឺ ប៉ុន្ដែក្រោយមកក៏បានទទួលដំណឹងថា អ្នកជំងឺ និងកូនក្នុងផ្ទៃ បានទទួលមរណភាពទៅហើយនោះ។
មន្ទីរពេទ្យក៏បង្ហាញការសោកស្ដាយយ៉ាងខ្លាំង ចំពោះការទទួលមរណភាពរបស់ជនរងគ្រោះផងដែរ។
ជាមួយគ្នានេះ បើតាមការបញ្ជាក់បន្ថែមរបស់អនុប្រធានមន្ទីរពេទ្យ ក៏បានឲ្យដឹងថា ខាងមន្ទីរពេទ្យក៏បានចូលរួមបុណ្យសព ចំនួន៤,៥០០ដុល្លារផងដែរ ហើយភាគីក្រុមគ្រួសារស្ដ្រីរងគ្រោះ ក៏បានដកពាក្យបណ្ដឹងហើយដែរ។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង ក៏បានបញ្ជាក់ផងដែរថា ក្រោយមានបទបញ្ជាពីរដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក៏បានចាត់ឲ្យក្រុមការងារ ចុះទៅស្រាវជ្រាវជាបន្ទាន់ ប៉ុន្ដែលោកមិនទាន់បានរបាយការណ៍លម្អិតពីក្រុមការងារនៅឡើយទេ។
សូមជម្រាបថា ស្ត្រីរងគ្រោះឈ្មោះ យ៉េម មករា អាយុ៣៧ឆ្នាំ ជាកូនរបស់ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះ បានឈឺពោះសម្រាលកូន នៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក៏សម្រចដឹកទៅគ្លីនីក ឡាំ ប៊ុនថន ដែលមកដល់នៅម៉ោង៧៖០០នាទីព្រឹក ហើយពេលមកដល់គ្លីនីក បានចរចាជាមួយខាងគ្លីនីក តម្លៃ៦២០ដុល្លារ។ នៅវេលាម៉ោង៨៖០០នាទីព្រឹក ខាងគ្លីនីកដែលបានសម្របសម្រួល ខាងវះកាត់រួចហើយនោះ បែរមិនបានវះកាត់វិញ។
យោងតាមបងស្រីជីទូតរបស់ស្ដ្រីរងគ្រោះខាងលើបានឲ្យដឹងថា រហូតដល់ម៉ោង១១៖០០នាទីព្រឹក ជនរងគ្រោះបានសន្លប់ ហើយខាងគ្លីនីកថា មានអាការៈធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យខ្មែរ-សូវៀត។ មកដល់មន្ទីរពេទ្យខ្មែរ-សូវៀត ស្រាប់តែពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ គឺទាំងម្តាយ និងកូន ដែលមិនដឹងថា ដាច់ខ្យល់តាំងពីពេលណាទេ៕