(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានចូលរួមចូលរួមរំលែកទុក្ខ ជូនគ្រួសារសពលោក ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា បានទទួលមរណភាព ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង១៦៖៥៥នាទី នាថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានមានប្រសាសន៍ថា «ការបាត់បង់លោក ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា គឺជាការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់មន្រ្តីដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ។ ក្នុងឋានៈជាមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា លោកបានបំពេញការងារយ៉ាងសកម្ម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាពដល់ស្ថាប័នព្រឹទ្ធសភា ក្នុងបុព្វហេតុរួម គឺលើកកម្ពស់នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា លោក ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា បានទទួលមរណភាព ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ ហើយ សពលោក ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា តម្កល់ធ្វើបុណ្យនៅគេហដ្ឋានសព ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕