(ត្បូងឃ្មុំ)៖ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពម្ហូអាហារមុនថ្ងៃឆ្លងឆ្នាំសាកល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យទំនិញដែលនាំចូល តាមច្រកព្រំដែនកម្ពុជាវៀតណាម ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ដោយយកគំរូទំនិញនាំចូលរួមមាន៖ ស្ពៃក្តោប ផ្ទេសប្លោក ផ្ទេសក្រហម ការ៉ុត និងប៉េងប៉ោះ ដើម្បីធ្វើតេស្តបឋមរកសារធាតុគីមី ហាមឃាត់ហ្វ័រម៉ាលីន ដែលដាក់ឲ្យបន្លែស្រស់ ជាលទ្ធផលពុំមានវត្តមានសារធាតុគីមីនេះឡើយ។
ក្រៅពីនោះមន្ត្រីកាំកុងត្រូល ច្រកទ្វារទ្វេភាគីដារ ច្រកដូនរ័ត្ន ច្រកចាន់មូល ច្រកទន្លេចាម ច្រកជាំក្រវៀន ច្រកទន្លូង ក្នុងស្រុកមេមត់ បានធ្វើការត្រួតពិនិត្យទំនិញជាគ្រឿងឧបភោគ ឃើញថាមានស្លាកសញ្ញា និងចុះកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវផងដែរ។
លោក មាស មោរ៉ា បានឲ្យដឹងថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាគុណភាពសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាន ជាពិសេសក្នុងឱកាសមុនថ្ងៃឆ្លងឆ្នាំសកលនោះ លោករួមទាំងមន្ត្រីកាំកុងត្រូល តាមច្រកព្រំដែនទាំងអស់ក្នុងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យជាប់ជាប្រចាំ។
ជាក់ស្តែងនៅថ្ងៃនេះ មន្រ្តីកាំកុងត្រូល បានចុះត្រួតពិនិត្យតាមច្រកព្រំដែនក្នុងស្រុកចំនួន២គឺ ស្រុកពញាក្រែក និងស្រុកមេមត់ ជាលទ្ធផល គឺពុំមានរកឃើញទំនិញនាំចូលមិនប្រក្រតីឡើយ។
ជាមួយគ្នានេះ ប្រធានសាខាកាំកុងត្រូលខេត្តរូបនេះ ក៏បានអំពាវនាវដល់អាជីវករនាំចូលបន្លែផ្លែឈើ និងម្ហូបអាហារតាមច្រកទ្វារព្រំដែន និងទំនិញនានា ពីប្រទេសជិតខាងទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្ត ទុកដាក់ខ្ពស់ ពោលគឺត្រូវនាំចូលចែកចាយ និងលក់តែទំនិញ ជាផលិតផលម្ហូបអាហារណា ដែលមានគុណភាពល្អជាពិសេសហាមដាច់ខាតបន្លែផ្លែឈើ និងម្ហូបអាហារណាមានផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាពអ្នកប្រើប្រាស់៕