(ភ្នំពេញ)៖ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ដែលសាងសង់ឡើងដោយស្នាដៃកូនខ្មែរនោះ មិនត្រឹមតែបានបង្ហាញភាពអស្ចារ្យនៃសំណង់នោះទេ តែបានបង្កប់នូវអត្ថន័យខ្លឹមសារ និងប្រវត្តិនៃដំណើរការតស៊ូរំដោះប្រទេសជាតិ និងដំណើរឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រខ្មែររយៈពេលប្រមាណ៥០០ឆ្នាំចុងក្រោយនេះ។
វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នឹងត្រូវសម្ពោធនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ការសម្ពោធវិមាននិមិត្តរូបនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែធ្នូ ដោយពេលរាត្រីមានការប្រគំតន្ត្រី ការបាញ់កាំជ្រួច និងផ្ទាំងទស្សនីយសិល្បៈជាច្រើនទៀតផងដែរ។
ជាមួយនឹងការឈានចូលមកដល់នៃការសម្ពោធជាផ្លូវការនាពេលជាង ១០ម៉ោងខាងមុខទៀតនេះ នៅរាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្រស់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ចាប់ផ្តើមរំលេចឡើងយ៉ាងទាក់ទាញជាមួយពន្លឺភ្លើងដ៏ចម្រុះពណ៌។ សម្រស់វិមាននយោបាយឈ្នះ-ឈ្នះ ប៉ុន្មានសន្លឹកដែលគេថតពីលើអាកាសបានធ្វើឲ្យមានការទាក់ទាញចក្ខុរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់ប្រកបដោយភាពរីករាយនៃម្លប់សន្តិភាពកើតចេញពីនយោបាយឈ្នះឈ្នះនេះផងដែរ៕