(ភ្នំពេញ)៖ ក្នុងគោលបំណង ចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់សង្គម នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមគ្រួសារ ឧបាសក ឃូ ធៀម និងឧបាសិកា លាង យ៉េក បាននាំយកថវិកា ២៨,៨៨៨ដុល្លារ មកប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ថវិកាខាងលើនេះ បានពីការចូលបច្ច័យបុណ្យសពរបស់ឧបាសិកា លាង យ៉េក ដែលបានធ្វើមរណកាល នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១២៖១៨នាទីយប់រំលងអាធ្រាត្រ កន្លងទៅ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
ឧបាសិកា លាង យ៉េក កាលលោកយាយនៅមានជីវិត បានកសាងក្រុមគ្រួសារធំមួយ និងទទួលបានការគោរពរាប់អានពីញាតិមិត្តជិតឆ្ងាយជាច្រើន នៅក្នុងសង្គម។ ឧបាសិកា លាង យ៉េក និងក្រុមគ្រួសារ ជានិច្ចកាល តែងតែចូលរួម ក្នុងសកម្មភាពជួយសង្គម ដូចជាសាងសង់សាលារៀន វត្តអារាម និងផ្លូវថ្នល់ ជាដើម។
ដើម្បីបន្តអនុវត្តគំរូ ដ៏ល្អរបស់លោកយាយ ដែលធ្លាប់បានធ្វើ កាលដែលលោកយាយនៅមានជីវិតនៅឡើយ កូន កូនប្រសារ ចៅ ចៅប្រសារ ចៅទួត របស់ឧបាសិកា លាង យ៉េក បានសម្រេចយកបច្ច័យបុណ្យសពរបស់លោកយាយ មកចូលរួមសកម្មភាព ជួយសង្គម តាមរយៈការជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននឹងកំពុងតែជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងនោះ ក្រុមគ្រួសារនៃសពឧបាសិកា លាង យ៉េក ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនញតិមិត្រជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ និងផ្ញើរសាររំលែកមរណទុក ដល់ក្រុមគ្រួសារនៃសព។ ដោយអំណាចផល្លានិសង្ឃ ដែលកើតពីសទ្ឋា ជ្រះថ្លារបស់ បងប្អូនញតិមិត្រជិតឆ្ងាយទាំងអស់ សូមឲ្យប្រកបនូវបញ្ញាស្មារតីមោះមុត ក្នុងការប្រកបការងារ ភារកិច្ចទាំងពួង ទៅតាមសេចក្តីប្រាថ្នារៀងៗខ្លួន និងសូមជួបប្រទះ ពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀនឃ្លាតឡើយ ៕