(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែធ្នូ នេះ លោក ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីការពារប្រទេសឡាវ បានអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក៏ដូចជាការសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ផងដែរ។
រដ្ឋមន្ត្រីការពារប្រទេសឡាវ ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរការវិវឌ្ឍន៍ និងការអភិវឌ្ឍរបស់កម្ពុជា។ លោកបានលើកឡើងថា កម្ពុជា គឺជាប្រទេសមួយ ដែលមានភាពស្រស់ស្អាត ហើយក៏មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងលឿនឆាប់រហ័សផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងឡាវ ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព រវាងប្រជាជន និងប្រជាជន ព្រោះថានេះគឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គម។
សម្តេចតេជោ ក៏បានជម្រាបលោករដ្ឋមន្ត្រីការពារប្រទេសឡាវផងដែរ អំពីដំណើរការ នៃការបញ្ចប់សង្គ្រាម តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះនេះ ក៏ដូចជាការចុះចូល នៃអតីតមេដឹកនាំខ្មែរក្រហមនៅផ្ទះរបស់សម្ដេច។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ធ្វើជាថ្ងៃខួប ២០ឆ្នាំ នៃការបញ្ចប់សង្គ្រាម ដែលធ្វើឲ្យប្រទេសជាតិ ទទួលបានការបង្រួបបង្រួមជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ រីកចម្រើនរហូតដល់សព្វថ្ងៃនេះ៕