(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ជូនកម្មករនិយោជិត ដែលបាននិងកំពុងប្រើប្រាស់កិច្ចសន្យាការងារ មានថិរវេលាមិនកំណត់ (កិច្ចសន្យារយៈពេលវែង) នឹងទទួលបានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ២ដង ក្នុងមួយឆ្នាំ គឺក្នុងខែមិថុនា និងខែធ្នូ ដោយនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០១៩តទៅ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការទូទាត់បើករំលឹកប្រាក់បំណាច់អតីតភាពការងារ របស់កម្មករនិយោជិត ដែលមានមុខឆ្នាំ២០១៩ ក្រសួងកំពុងធ្វើការពិភាក្សាជាមួយវិស័យឯកជន ដើម្បីកំណត់កាលវិភាគជាក់លាក់មួយ ក្នុងការតម្រូវឲ្យសហគ្រាស គ្រឹះស្ថាន អនុវត្តកាតព្វកិច្ចបើករំលឹកប្រាក់បំណាច់អតីតភាពការងារនេះ។
ក្នុងអំឡុងពេលនៃការទូទាត់បើករំលឹកប្រាក់បំណាច់អតីតភាពការងារនេះ ក្រសួងសូមធានាចំពោះអត្ថប្រយោជន៍ស្របច្បាប់នានា ដែលបងប្អូនកម្មករនិយោជិតមាន ហើយដែលសហគ្រាស គ្រឹះស្ថានក្ស័យធន ឬបិទទ្វារណាមួយមិនទាន់បានទូទាត់ជូនបងប្អូនកម្មករនិយោជិត៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានដែលមាននៅខាងក្រោមនេះ៖