(ភ្នំពេញ)៖ លោក អង់តូនីញ៉ូ លូប៉េ អ៊ីសត្រូរីស (Antonio Lopéz Istúriz) លេខាធិការប្រតិបត្តិអង្គការអ្នកនិយមកណ្តាលអន្តរជាតិ (IDC-CDI) បានបង្ហាញការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវនយោបាយមួយប្រកបដោយភាពប្រាកដនិយមនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា និងបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃប្រមាណ ៣ទសវត្សរ៍។
លោក អង់តូនីញ៉ូ បានបង្ហាញការស្ញប់ស្ញែងបែបនេះ ក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសមនឹងសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបថា «នៅក្នុងជំនួបនេះ ឯកឧត្តមអង់តូនីញ៉ូ បានគោរពជម្រាបជូនសម្ដេចតេជោនូវចំណាប់អារម្មណ៍របស់ឯកឧត្តម។ ក្នុងនោះឯកឧត្តម បានសូមគោរពវាយតម្លៃខ្ពស់ ជូនដល់សម្តេចតេជោ ចំពោះវីរភាព និងការដឹកនាំបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ដែលជារឿងដ៏អស្ចារ្យ។ មួយទៀតការរៀបចំឲ្យសេដ្ឋកិច្ចកម្ពុជាក្លាយទៅជាប្រទេសមួយមានកំណើនសេដ្ឋកិច្ច ៧,៣ភាគរយ ហើយជាប្រទេសលេខ១ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ដែលជារឿងដ៏អស្ចារ្យមួយទៀត»។
លើសពីនេះទៅទៀត អង់តូនីញ៉ូ ក៏បានជម្រាបជូនសម្ដេចតេជោដែរថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកចូលរួមក្នុងកម្មវិធីសម្ពោធវិមានឈ្នះឈ្នះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅថ្ងៃស្អែកនេះ។
ការឆ្លើយតបសម្ដេចតេជោ បានពិភាក្សាជាសង្ខេបជាមួយលោក អង់តូនីញ៉ូ អំពីស្ថានភាពជាទូទៅនៅក្នុងពិភពលោក ស្ថានភាពជាទូទៅនៅក្នុងតំបន់ ហើយក៏បានជម្រាបជូនអំពីប្រវត្តិកម្ពុជា ដែលធ្លាប់តែមានការបែកបាក់គ្នាអស់រយៈពេលជាង ៥០០ឆ្នាំ រហូតដល់ការដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះឈ្នះ នៅក្នុងយុទ្ធសាស្រ្តឈ្នះឈ្នះនោះ ធ្វើឲ្យប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយ ដែលមានសុខសន្តិភាព និងបង្រួបបង្រួមជាតិ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនលោក អង់តូនីញ៉ូ ពីការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះរបស់សម្ដេចផ្ទាល់តែម្ដងកាលពីឆ្នាំ១៩៩៨ ថ្ងៃទី២៩ ខែធ្នូ ពោលកាលពី២០ឆ្នាំមុន។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការទទួលនោះ ដើម្បីផ្ញើសារទៅប្រជាជនកម្ពុជាផង ទៅកងទ័ពខ្មែរក្រហម ដែលនៅសេសសល់ផង និងទៅសហគមន៍អន្តរជាតិផង។ ផ្ញើជូនកងទ័ពខ្មែរ ដើម្បីឲ្យកងទ័ពនៅសេសសល់នៅពេលនោះ ចុះចូលជាមួយរាជរដ្ឋាភិបាល ព្រោះថាមេដឹកនាំរបស់ចលនាខ្មែរក្រហមនៅពេលនោះ បានមកចុះចូលជាមួយរាជរដ្ឋាភិបាល, ផ្ញើជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេសបានដឹងថា សុខសន្តិភាព ស្ថិរភាព នៅកម្ពុជា គឺបានទទួលហើយ, ផ្ញើជូនសហគមន៍អន្តរជាតិ ដើម្បីឲ្យពួកគេមកដាក់ទុនវិនិយោគនៅកម្ពុជា និងធ្វើទេសចរនៅកម្ពុជា ព្រោះសង្គ្រាមត្រូវបានបញ្ចប់។
សម្តេចតេជោ បន្ថែមថា បន្ទាប់ពីទទួលអតីតមេដឹកនាំខ្មែរក្រហមហើយ សម្ដេច ក៏បានដាក់ចេញយុទ្ធសាស្រ្តធ្វើសមាហរណកម្ម ប្រទេសទាំងមូលតែម្ដង មិនត្រឹមតែកងទ័ពទេ គឺសមាហរណកម្មទាំងផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ក៏ដូចជាមណ្ឌលសុខភាពផងដែរ។ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះរូបនេះបន្ថែមថាា កត្តាទាំងនេះហើយជំរុញឲ្យកម្ពុជា ទទួលបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស រហូតដល់ទទួលបានកំណើនសេដ្ឋកិច្ច ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនេះ៕