(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាធ្លាប់ដឹងមកហើយថា OPPO កំពុងទទួលបានការគាំទ្រខ្លាំងមែនទែនពីអតិថិជនទូទាំងសកលលោក។ ទីផ្សារ និងភាពពេញនិយមដែលមហាជនទូទៅទទួលស្គាល់ពី OPPO គឺគុណភាពនៃរូបថតស៊ែលហ្វី ល្បឿននៃម៉ាស៊ីន និងការរចនារូបរាងតែម្ដង។ ថ្មីៗនេះ OPPO មិនបានសម្ងំលាក់ខ្លួនព្រងើយកន្ដើយ និងមិនឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយបានចេញកំពូល ទូរស័ព្ទស្មាតហ្វូនស៊េរីចុងក្រោយមួយទៀត ដែលស្ថិតនៅត្រកូល R គឺ OPPO​ R17​​​ Pro ដែលនាំយកលក្ខណៈពិសេស​នៃការថតរូបពេលយប់ មិនចាញ់កាមេរ៉ាអាជីពប៉ុន្មានឡើយ។

ដំណើរការនៃការអភិវឌ្ឍតាមជំនាន់កំពូលស្មាតហ្វូនរបស់ OPPO ត្រកូល R ផ្ដោតទៅលើគុណភាពនៃរូបថតនេះ គឺចាប់តាំងពីម៉ូដែល R9 មកម្ល៉េះ រួចក៏បន្តមកដល់ម៉ូដែល R15 ព្រោះវាតែងតែជាអ្នកដឹកនាំឈានមុខគេទៅលើ Camera Phone។​ មុខងារដ៏លេចធ្លោជាងគេ​របស់ម៉ូដែល OPPO R17 Pro គឺការថតរូបច្បាស់ខ្លាំងនៅពេលយប់។ ហេតុអ្វីបានជា OPPO R17 Pro ត្រូវបានគេចាត់ទុកថា​ជាកំពូលស្មាតហ្វូន King of Low Light?

OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏ឈានមុខ ដោយបំពាក់មកជាមួយនូវកាមេរ៉ា ក្រោយបីគ្រាប់ ដែលកាមេរ៉ាទី១ គឺជាប្រភេទកាមេរ៉ាមេមានទំហំ 12 MP (មេហ្កាភិគសែល) និងមាន Smart Aperture ដែលអាចប្រែប្រួលទៅតាមស្ថានភាព នៃកម្រិតពន្លឺពី F1.5/F2.4។ ចំណែកឯកាមេរ៉ាទី២ ជាប្រភេទ Depth Sensor ទំហំ 20 MP ហើយ​និងកាមេរ៉ាទី៣ ជាប្រភេទកាមេរ៉ា Time of Flight។

ជាងនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាទប់លំនឹង OIS អមមកជាមួយមុខងារ Ultra Night Mode និងមុខងារ Color Mode ធ្វើឱ្យការថតរូបទទួលបានគុណភាពខ្ពស់កប់ស៊េរី ដែលស្មាតហ្វូនធម្មតាមិនអាចធ្វើបានដូចឡើយ។ វាមានមុខងារ Multi-Frame Noise Reduction ដែលមុខងារនេះ ធ្វើឱ្យការថតរូបច្រើនសន្លឹកបង្គំចូលគ្នា ដើម្បីកាត់បន្ថយនូវគ្រាប់ Noise ដែលមាននៅលើរូបភាព និងធ្វើឱ្យរូបភាពកាន់តែច្បាស់ល្អ។

មានទូរស័ព្ទដែលអាចថតរូបស្អាតនៅពេលយប់គឺមិនទាន់គ្រប់គ្រាន់ទេ សំខាន់ត្រូវតែកាន់ថ្មថែមទៀត។ ចំណុចលេចធ្លោរបស់ R17 Pro មួយនេះគឺ ភ្ជាប់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលបច្ចេកវិទ្យានេះប្រើប្រាស់នូវសម្ពាធភ្លើងទាប ក្នុងការសាកថ្មទូរស័ព្ទគឺ 10V5A ស្មើនឹងថាមពលសាក 50W ដែលអាចឱ្យអ្នកសាកថ្មកាន់តែលឿនជាងមុនបានដល់ទៅ៤០% ក្នុងរយៈពេល១០នាទី ហើយវាប្រើពេលត្រឹមតែជាង៤០នាទី នឹងអាចសាកថ្មដែលមានទំហំសរុប 3700 mAh ឱ្យពេញបាន។

ដូច្នេះមិនបាច់បារម្ភច្រើនទេចំពោះរូបថតនៅទីងងឹត ព្រាល អត់ច្បាស់ និងទូរស័ព្ទឆាប់អស់ថ្មនោះទេ! ចំពោះប្រិយមិត្តដែលចូលចិត្តថតរូបលេង ហើយផូសត៍ក្នុងបណ្ដាញទំនាក់ទំនងសង្គម គឺពិតជាមិនខកបំណងទេជាមួយ OPPO R17 Pro​​​ ជាពិសេសត្រៀមថតរូបកាំជ្រួច​ថ្ងៃឆ្លងឆ្នាំនេះ តែម្ដង៕