(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពាជាតិ តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានបង្ហាញពីកម្មវិធីមួយចំនួន សម្រាប់ថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ និងទិវាអបអរសាទរខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទិវានយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
ពិធីអបអរសាទរដល់ខួប២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ និងពិធីសម្ពោធវិមានឈ្នះ-ឈ្នះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសជាន់ខ្ពស់ដូចជា ឧត្តមសេនីយ៍ទោ Ci Guowei អគ្គនាយក អគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន, នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងនាយឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ ផងដែរ។ ថ្នាក់ដឹកនាំ តំណាងអង្គទូត និងតំណាងស្ថានទូត ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពិធីអបអរសាទរដល់ខួប២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ និងពិធីសម្ពោធវិមានឈ្នះ-ឈ្នះ អមជាមួយនឹងពិធីអបអរសាទរ ដល់បុណ្យចូលឆ្នាំសកល នឹងមានកម្មវិធីពិសេសជាច្រើនដូចជា៖ ការសម្តែងរបស់កងយោធពលខេមរភូមិន្ទ, ការតាំងពិព័រណ៍នៅក្នុង សារមន្ទីរវិមានឈ្នះ-ឈ្នះ, ការតាំងពិព័រណ៍សមិទ្ធផល២០ឆ្នាំ របស់កងយោធពលខេរភូមិន្ទ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងវិស័យទេសចរណ៍ ពាណិជ្ជកម្ម, ការប្រកួតកីឡាវាយកូនគោល កីឡាផ្សេងៗ, កម្មវិធីប្រដាល់, កម្មវិធីលេងល្បែងប្រជាប្រិយ, កម្មវិធីរាំលេងសប្បាយ, កម្មវិធីបាញ់កាំជ្រួច រួមទាំងការសម្តែងសិល្បៈ ការប្រគំតន្រ្តីរយៈពេល៣យប់ ៣ថ្ងៃជាដើម»។
វិមានឈ្នះ-ឈ្នះ គឺជាវិមានប្រវត្តិសាស្រ្ត តំណាងឱ្យការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមាននេះ តំណាងឱ្យជោគជ័យរបស់ប្រទេសកម្ពុជា ដែលបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាល ដោយបរទេស ដែលពេលនេះកម្ពុជា កំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះ ទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
ដូច្នេះសូមបងប្អូនជនរួមជាតិ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុំភ្លេចចូលរួមសម្ពោធ និងចូលរួមរីករាយ ជាមួយពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងពិធីអបអរសាទរដល់ខួបលើកទី២០ ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះ ដែលនឹងប្រារព្វធ្វើឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅមហាវិថីឈ្នះ-ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោ នៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់ទាំងអស់គ្នា៕